លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣
កណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣ ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអភិបាលខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ចំនួន៥ គឺ៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។ មន្ទីរសុខាភិបាល រាយការណ៍អំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងវិធានការណ៍ ។ មន្ទីរអប់រំ យុវជន និងកីឡា រាយការណ៍អំពីការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រាយការណ៍អំពីវឌ្ឍនភាពការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជន ងាយរងគ្រោះក្នុងរយៈពេលអនុវត្តន៍រហូតដល់បច្ចុប្បន្ននេះ។
៣- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែធ្នូ ឆ្នាំ២០២០ ។
៥-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សា ដោយកំណត់យកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១៕ កញ្ចក់ ទិព្វ