បញ្ហាកូវីដ-១៩ គឺជាមេរៀន និងជាបទពិសោធ សម្រាប់ធ្វើការពង្រឹងសាមគ្គីភាពជាមួយគ្រួសារកីឡាអូឡាំពិកទាំងអស់ សូមបន្តអត់ធ្មត់ និងត្រូវមានស្មារតីក្នុងការអភិវឌ្ឍចលនាអូឡាំពិកឲ្យទៅមុខជាបណ្ដើរៗ
បញ្ហាកូវីដ-១៩ គឺជាមេរៀន និងជាបទពិសោធ សម្រាប់ធ្វើការពង្រឹងសាមគ្គីភាពជាមួយគ្រួសារកីឡាអូឡាំពិកទាំងអស់ សូមបន្តអត់ធ្មត់ និងត្រូវមានស្មារតីក្នុងការអភិវឌ្ឍចលនាអូឡាំពិកឲ្យទៅមុខជាបណ្ដើរៗ នេះជាការលើកឡើងរបស់ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងអោយដឹងក្រោយបញ្ចប់ មហាសន្និបាតរបស់ក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី (OCA) ឆ្នាំ២០២០ តាមប្រព័ន្ធ Video Conference ពីទីក្រុង Muscat ប្រទេស Oman ដោយមាន៤៥ ប្រទេសចូលរួម ក្នុងនោះប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចម្សិលមិញ ។
ឯកឧត្តម បណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ឆ្នាំ២០២០នេះ ដែលមានការផុសផុលច្រើន ពិសេសគឺសន្ទរកថាគន្លឹះ សំខាន់ៗរបស់ប្រធាន OCA គឺព្រះអង្គម្ចាស Sheikh Ahmad ដែលបានថ្លែងអំពីរបៀបវារៈ គឺជា លើកទី១ ហើយ ដែលក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានប្រជុំដោយមិនបានជួបជុំគ្នា ហើយធ្វើតាម Online ដោយសារកូវីដ-១៩ និងសូមឲ្យមានការអត់ធ្មត់ទៅដល់ប្រទេសទាំងអស់ ដែលមិនបាន ជួបជួបគ្នា ។
ឯកឧត្តម វ៉ាត់ ចំរើន បានផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំថា សារគន្លឹះរបស់ប្រធានអូឡាំពិកអន្ដរជាតិលោកបណ្ឌិត Thomas Bach បានថ្លែងសារនៅពេលកាលៈទេសៈដ៏លំបាក សម្រាប់ចលនាអូឡាំពិកទូទាំង ពិភពលោក ដែលជួបបញ្ហាកូវីដ-១៩ គឺសូមឲ្យប្រទេសទាំងអស់យកបញ្ហាទាំងអស់នេះ ទៅជាមេរៀន និងជាបទពិសោធ សម្រាប់ធ្វើការពង្រឹងសាមគ្គីភាពជាមួយគ្រួសារកីឡាអូឡាំពិកទាំងអស់ គឺសូមឲ្យអត់ធ្មត់ និងត្រូវមានស្មារតីក្នុងការអភិវឌ្ឍចលនាអូឡាំពិកឲ្យទៅមុខជាបណ្ដើរៗ។ ដោយសារមានស្មារតី អូឡាំពិក ស្មារតីរួបរួមគ្នា ស្មារតីសាមគ្គីភាពគ្នាគ្រប់និន្នាការទាំងអស់បានធ្វើឲ្យចលនាអូឡាំពិកនៅរស់ និងជំរុញការអភិវឌ្ឍបាន ពិសេសគឺសូមឲ្យប្រទេសទាំងអស់មានស្មារតីចូលរួមលេងកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ឆ្នាំ២០២១ ដែលត្រូវរួមគ្នាធ្វើឲ្យការប្រកួតនេះកើតឡើង ប៉ុន្តែការប្រកួតមានសុវត្ថិភាព សម្រាប់អ្នកចូលរួមទាំងអស់ ។
ប្រទេសជាសមាជិកទាំងអស់ បានមូលមតិគ្នាថា ការស្ដាឡើងវិញ បន្ទាប់ពីកូវីដ-១៩ ស្ដារចលនាអូឡាំពិកឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ត្រូវបានរៀបចំជាយុទ្ធសាស្ដ្ររបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយយើងជំរុញការអភិវឌ្ឍ ក្រោមផែនការយុទ្ធសាស្ដ្រស្ដារឡើងវិញ ក្រោយពីកូវីដ-១៩ ដែលយើងត្រូវនាំរួមគ្នាទាំងអស់ ស្ដារសេដ្ឋកិច្ចឡើងវិញ ស្ដារការអភិវឌ្ឍទីក្រុងដែលរៀបចំធ្វើជាម្ចាស់ផ្ទះឡើងវិញ តាមរបត់ថ្មី ប៉ុន្តែត្រូវរៀបចំសកម្មភាព នៃការប្រកួតប្រព្រឹត្ត ទៅដោយរលូន និងទទួលបានជោគជ័យ ហើយជួយអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសនីមួយៗ ដែលធ្វើម្ចាស់ផ្ទះផងដែរ ។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសាមគ្គីអូឡាំពិក និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានអះអាងថា ថវិកាគឺមានគ្រប់គ្រាន់ ក្នុងការទប់ទល់ និងជំរុញការអភិវឌ្ឍឲ្យមាននិរន្ដរភាព និងចីរភាព នៃការអភិវឌ្ឍវិស័យកីឡា និងចលនាអូឡាំពិក នៅអូឡាំពិក និងពិភពលោក គឺមានការរៀបចំថវិកាគ្រប់គ្រាន់ សម្រាប់ឆ្នាំ២០២១-២០២២ បន្ទាប់ពីធូរស្រាលពីជំងឺកូវីដ-១៩ ៕