សម្តេចភក្តី សាយ ឈុំ ដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានានៅវត្តជម្ពូវ័ន
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ក៏មានពិធីព្រះសង្ឃស្វាធ្យាយជយន្តោ ថ្វាយព្រះពរជ័យមង្គលព្រះករុណា ជាអម្ចាស់ថ្វាយ និងប្រគេនទេយ្យទាន ថ្វាយរបាំថ្វាយព្រះពរ ព្រះសុន្ទរកថារបស់ព្រះឧបាលិវង្ស វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន និងសុន្ទរកថារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងព្រះរាជបន្ទូលសំណេះសំណាលរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសប្រគេនជូនព្រះមន្ត្រីសង្ឃ និងស្បុរសជនផងដែរ។
បន្ទាប់មកព្រះករុណាព្រះមហាក្សត្រជាអម្ចាស់តម្កល់ត្បូង បានយាងកាត់ខ្សែបូរសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា ព្រមទាំងថ្វាប្រគេនទេយ្យទាន ចតុប្បច្ច័យ និងចង្ហាន់ដល់ ព្រះសង្ឃ។
អគារសិក្សាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឱកាសនាពេលនេះ គឺមានទំហំ៩មx៣៧ម កម្ពស់៣ជាន់ មាន៨បន្ទប់ និងចាប់ផ្ដើមកសាងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ ដោយ / គ្រី សម្បត្តិ