រដ្ឋបាល​ខេត្តកំពត ប្រជុំ​ពិភាក្សា លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “ព្រះ​មុនីវង្ស​បូ​គោ”

កំពត៖ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ​ឯកឧត្តម ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ​អត្តសញ្ញាណ​មនុស្ស និង​អត្តសញ្ញាណ​ដី​នៅ​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “ព្រះមុនីវង្ស​បូ​គោ” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួងបរិស្ថាន ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​កងកម្លាំង​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សាលាខេត្ត សរុប​ចំនួន ៣០នាក់ ។

ក្រោយពី​មានការ​ចូលរួម ​ពិភាក្សា​ពី​អ្នកពាក់ព័ន្ធ អង្គប្រជុំ ​បានសម្រេច​ដាក់ចេញ ​ជាគោលការណ៍​មួយចំនួន ​ដើម្បី​ឲ្យ​ក្រុមការងារ​អនុវត្ត​បន្ត​រួមមាន៖

១. ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូ វ​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ​ជូន​ប្រជាពលរដ្ឋ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​លើដី​ដែល​អាស្រ័យ​ផល​ជាក់ស្តែង មាន​ដំណាំ​ដាំ​ដុះ​យូរណាស់​មកហើយ ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។

២. ក្រុមការងារ​ខេត្ត រៀបចំ​ផែនទី​ចំនួន​បី បង្ហាញ​ពី​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំ​សម្រាប់​ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត ដាច់ដោយឡែក​ពីគ្នា និង​រៀបចំ​ផែនទីរ​រួម​របស់​ខេត្ត ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​អន្តរក្រសួង ។

៣. ឯកឧត្តម​អភិបាល បែងចែក​ក្រុមការងារតូចៗចំនួន ៣ក្រុម ទទួលខុសត្រូវ​តាម​ក្រុង ស្រុក​ទាំងបី ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ។ ក្រុមការងារ​គួរ​មាន​សមាសភាព​ពី​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ពាក់ព័ន្ធ ។

៤. ស្នើសុំ​ក្រុមការងារ​ចុះ​ដក​បទពិសោធន៍ អនុវត្ត​ការងារ​នៅ​ឃុំ បឹង​ទូក ស្រុក​ទឹកឈូ មុនគេ ដើម្បី​ឲ្យ​ក្រុមការងារ​ទាំងអស់​បាន​យល់​និង​យកទៅ​អនុវត្តតាម​ក្រុមនីមួយៗ ។ ការងារ​នេះ​ស្នើសុំ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​ដែនដី នគររូបនីយកម្ម  សំណង់  និង​សុរិយោដី​ខេត្ត រៀបចំ​ផែន​ការចុះអនុវត្ត ។

៥. សុំ​ឲ្យ​មាន​កិច្ចសហការ​បាន​ជិតស្និទ្ធ រវាង​ក្រុមការងារ​ថ្នាក់​ក្រសួង ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​ការងារ​នេះ ឲ្យ​បាន​ឆាប់រហ័ស និង​ទទួលបាន​ជោគជ័យ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner