នៅមុខព្រះភក្ត្រសម្តេចម៉ែ ទូតចិនសន្យាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ
អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនធាន នៅថ្ងៃទី១០នេះ បានចូលបង្គុំគាល់អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី។ ក្នុងសវនាការជាមួយនឹងសម្តេចម៉ែ អគ្គរដ្ឋទូតចិន បានសន្យានឹងរិះរកគ្រប់មធ្យោបាយដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
លោកបានទូលសម្តេចព្រះមហាក្សត្រីថា៖ “ភាគីចិននឹងបន្តផ្តល់ការគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើបានដល់កិច្ចគ្រប់គ្រងជំងឺក្នុងប្រទេសកម្ពុជា នឹងព្យាយាមរិះរកមធ្យោបាយដើម្បីជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចដែលទទួលរងការប៉ះពាល់ពីជំងឺវីរុស”។

ទន្ទឹមនឹងនោះ លោកវ៉ាង បានទូលសម្តេចម៉ែបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសCOVID-19មក ប្រទេសទាំងពីរបានជួយយកអាសារគ្នាទៅវិញទៅមក បានពុះពាររួមគ្នាក្នុងគ្រាដ៏លំបាកមួយនេះ នេះបានបង្ហាញពីមិត្តភាពប្រពៃណីពិសេសដ៏សែនជ្រាលជ្រៅនៃប្រជាជនទាំងពីរ។ បន្ថែមពីនេះ ការជួយទាំងសម្ភារៈ និងធនធានមនុស្សលើការទប់ទល់ប្រឆាំងនឹងកូវីដ១៩ ត្រូវបានចិនយកចិត្តទុកដាក់យ៉ាងខ្លាំង។
ក្នុងព្រះរាជសវនាការនេះដែរ រដ្ឋាភិបាលចិន បានផ្តល់ម៉ាសចំនួន២សែន ដល់ក្រុមសម្តេចឪដែលនឹងយកម៉ាសការពារជំងឺចែកជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ជាបន្ទាន់ឲ្យបានឆាប់រហ័សផងដែរ។
ក្នុងនោះដែរ សម្តេចម៉ែ ក៏បានរំលឹកដល់ស្ថានទូតចិនពីការកសាងមិត្តភាពប្រពៃណីរវាងកម្ពុជាចិនដែលសម្តេចឪ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំកំពូលរបស់ចិនបានកសាង។ បន្ថែមពីនេះ សម្តេចម៉ែ មានព្រះរាជឱងការថា សែរាជវង្សានុវង្សកម្ពុជានឹងចូលរួមជាកម្លាំងជំរុញដល់ការអភិវឌ្ឍមិត្តភាពកម្ពុជាចិន បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរកាន់តែស្អិតរមួតថែមមួយកម្រិតទៀត៕