សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។
ឯកឧត្តម ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិនិងប្រជាជនរបស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ អភិវឌ្ឍន៍ និងបង្រួបបង្រួមប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់សម្តេចប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគូសបញ្ជាក់ថា សៀវភៅនោះមានសារៈសំខាន់ជាប្រវត្តិសាស្រ្ត ។
ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតតាមពេលវេលាសមស្របណាមួយ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អ រវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេលវេលាសមស្របណាមួយ។ សម្តេចបាន មានប្រសាសន៍ថា កន្លងមក រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន(អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន ទៅថ្ងៃអនាគត ។
ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។ ឯកឧត្តមបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២របស់ខ្លួន មិនមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕