រថយន្តដឹកទំនិញជិត 3,000 គ្រឿងជាប់គាំងក្បែរព្រំដែនអង់គ្លេស និងបារាំង
បរទេស៖ខណៈដែលបារាំងទើបតែបានប្រកាសបិទព្រំដែនជាមួយនឹងអង់គ្លេសមិនដល់ 48 ម៉ោងផងគិតចាប់តាំងតែពីថ្ងៃអាទិត្យកន្លងមកដោយសារការព្រួយបារម្ភអំពីការរាតត្បាតនៃកូវីដ19 នោះមកដល់ថ្ងៃអង្គារម្សិលមិញរថយន្តដឹកទំនិញអង់គ្លេសប្រមាណជា 3.000 គ្រឿងត្រូវបានជាប់គាំងនៅក្នុងតំបន់ក្បែរព្រំដែន។
ទូរទស្សន៍ BBC បានចេញផ្សាយថាក្រុមអ្នកនយោបាយរបស់បារាំងនៅកំពុងតែបន្តការពិភាក្សាគ្នានៅឡើយថាតើគួរបើកច្រកធ្វើដំណើរនិងពាណិជ្ជកម្មវិញជាមួយនឹងអង់គ្លេសឬយ៉ាងណាខណៈដែលរថយន្តដឹកទំនិញរបស់អង់គ្លេសប្រមាណជា 2,850 គ្រឿងកំពុងជាប់គាំងនៅក្នុងទីក្រុង Kentនៅឡើយ។
យោងតាមអ្នកឆ្លើយឆ្លងរបស់ទូរទស្សន៍ BBC គឺលោក Hugh Schofield ដែលមានវត្តមាននៅទីនោះផ្ទាល់បានអះអាងថាមកដល់ពេលនេះដំណោះស្រាយបណ្តោះអាសន្ននោះគឺមានតែការធ្វើតេស្តទៅលើអ្នកបើកបររថយន្តដឹកទំនិញធន់ធំទាំងអស់នោះប៉ុណ្ណោះ។
សូមរំលឹកដែរថាចាប់តាំងតែពីមានការភ្ញាក់ផ្អើលអំពីវត្តមានរបស់កូវីដពូជក្លាយថ្មីមួយបានកើតឡើងនៅក្នុងប្រទេសអង់គ្លេសរួចមកបណ្តាប្រទេសចំនួន 50 មកហើយដែលបានប្រកាសហាមប្រាមការមកដល់នៃពលរដ្ឋអង់គ្លេស ហើយក្នុងនោះមានទាំងការបិទព្រំដែនជាមួយនឹងអង់គ្លេសផងដែរ៕