សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ ប្រជាពលរដ្ឋ ១៦នាក់ ក្នុងខណ្ឌចំការមន ដែលធ្វើតេស្តអវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១៦នាក់ ស្រី៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានការចូលរួមពីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។
សម្ដេចតេជោ ហ៊ុន សែន តែងតែបានផ្ដល់នូវក្តីអាណិតស្រលាញ់ ចំពោះអ្នកដែលរងនូវផលប៉ះពាល់មិនថា ជាស្មារតី សម្ភារ ថវិកា និងកម្លាំងចិត្ត គឺប្រមុខរាជរដ្ឋាភិបាលតែងតែបានផ្ដល់ ជូនតាមរយៈអំណោយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋ ដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ពោលគឺមិនទុកឲ្យនរណាម្នាក់ នៅឯកោនោះឡើយ។
លោក ថេង សុថុល ថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន និងបានប្រគល់ដល់ រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែលបានរងផលប៉ះពាល់ នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ។ និងបញ្ជាក់ជូនបងប្អូនពលរដ្ឋថា ដើម្បីសម្រួលដល់ការលំបាក របស់ បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ដោយ ឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័ក ក្នុងម្នាក់ៗ ចំនួន ៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារជួបការលំបាក។
ថវិកាឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន, លោកអភិបាលខណ្ឌចំការមន បាននាំយកអង្ករ ចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំង ១៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ ទម្ងន់២០គីឡូក្រាម និងម៉ាសចំនួន១០ម៉ាស៕
