សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងប្តូរសមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិ ពីចំនួនច្រើនមកតិច ដើម្បីពង្រឹងគុណភាព ស៊ីហ្គេម ២០២១ និងស៊ីហ្គេម ២០២៣

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រយ៉ាត្លុងកម្ពុជា បានបង្ហើបថា ឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងធ្វើកំណែទម្រង់ស្របតាមទិសដៅ ក្រសួងអប់រំយុវជន និងកីឡា បន្ថយបរិមាណអត្តពលិក ពង្រឹងគុណភាព ពោលគឺកាត់បន្ថយពីចំនួនច្រើនមកតិច ជាងឆ្នាំ២០២០កន្លងទៅ ដើម្បីពង្រឹងសក្តានុពលអោយកាន់តែខ្លាំង ត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


អគ្គលេខាធិការខាងលើ បានពន្យល់ថា ឆ្នាំ២០២១ខាងនេះ កីឡាករ កីឡាការិនីជម្រើសជាតិទាំងឈុតធំ និងថ្នាល ពីចំនួន១៦នាក់ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ច្របាច់បញ្ចូលគ្នាយកត្រឹមតែ១៤នាក់ប៉ុណ្ណោះ ។ លោក ងិន សុបញ្ញា អះអាងទៀតថា សមាសភាពទាំង១៤នាក់នេះ នឹងបន្តធ្វើ ផ្លាស់ប្តូរហូត ប្រសិនបើកីឡាករ កីឡាការិនីណាមិនគោរពវិន័យ និងសិទ្ធផលមានការធ្លាក់ចុះ ។ លោក បញ្ជាក់ទៀតថា ការកែសម្រួលបែបនេះ ដោយសហព័ន្ធយល់ឃើញថា ចំនួន១៤នាក់ វាស្មើរនឹងអត្តពលិកប្រទេសក្នុងតំបន់ដែរ មានន័យថា ចំនួនតិច តែមានគុណភាព និងសិទ្ធិផលខ្ពស់អាចមានលទ្ធភាពប្រជែងមេដាយជូនកម្ពុជា ពីការប្រកួតអន្តរជាតិ ។ ទន្ទឹមជាមួយគ្នានេះ ប្រសិនបើកូវីដ-១៩ មានការថមថយ សហព័ន្ធនឹងធ្វើការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេស នៅក្រៅប្រទេសអោយបានច្រើន ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែមានសក្តានុពល ។


សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានក្រុមជម្រើសជាតិមាន២ឈុត គឺឈុតថ្នាល និងឈុតធំ ប៉ុន្តែចាប់ពីឆ្នាំ២០២១ទៅ ក្រុមទាំង២ ត្រូវច្របាច់បញ្ចូលតែមួយ ដោយកាត់បន្ថយពី១៦នាក់ មកត្រឹម១៤នាក់ ដើម្បីសម្រួច ត្រៀម ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner