ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណាអញ្ជើញ បិទវគ្គបំប៉នជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំ ឆ្នាំ២០២០ វរៈសេនាតូចលេខ៥៤ ( បន្ទាយព្រែកហូរ ) នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល
ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបិទវគ្គបំប៉នជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំ ឆ្នាំ២០២០ នៅវរៈសេនាតូចលេខ៥៤ នៃបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ( បន្ទាយព្រែកហូរ ) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានគូសបញ្ជាក់ថា ជំនាញបញ្ជូនសារជាជំនាញមួយដ៏សំខាន់នៅក្នុងចំណោមបណ្តាជំនាញដ៏ទៃផ្សេងទៀត ហើយជំនាញនេះក៏ជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចសម្រាប់ទាក់ទង តភ្ជាប់គ្នាជាអចិន្ត្រៃយ៍ ពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ដែលបម្រើឲ្យការទាក់ទងផ្តល់ព័ត៌មាន ក៏ដូចជាសហប្រតិបត្តិការដឹកនាំបញ្ជាក្នុងពេលត្រៀមប្រយុទ្ធ ប្រយុទ្ធនិងរាល់ករណីធ្វើសកម្មភាព ផ្សេងៗទៀត ក្នុងវិស័យកងទ័ព ក៏ដូចជាវិស័យសង្គមស៊ីវិលដោយប្រើប្រាស់មធ្យោបាយ តាមប្រព័ន្ធរលកធាតុអាកាស វែងខ្លី គេហទំព័រ ហ្វេសប៊ុក សារអេឡិចត្រូនិច អ៊ិនធឺណេត ។ ល ។ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ ពេលវិលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ឲ្យ ចំគោលដៅ និងស្របតាមតួនាទីភារកិច្ចចំពោះមុខដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន និងផ្តល់ទំនុកចិត្ត ។ បន្តអនុវត្តន៍យ៉ាងម៉ឺងមាត់នូវវិធានការរបស់ ក្រសួងសុខាភិបាល ដោយប្រកាន់យកគោលការណ៍៣សំខាន់ៗ គឺ ទី១ ពាក់ម៉ាស់,ទី ២ រក្សាគម្លាត ទី៣ ប្រកាន់ភ្ជាប់នូវអនាម័យគ្រប់ពេលវេលា ដោយបាញ់អាកុល លាងដៃនឹងសាប៊ូ និងរស់នៅស្អាត ។
តាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ទោ ប៊ូ វណ្ណារក្ស នាយសេនាធិការង មេបញ្ជាការ បញ្ចាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារកងទ័ពជើងគោកប្រចាំឆ្នាំ២០២០ ដែលបានដំណើរការបិទនាពេលនេះ មានសិក្ខាកាមសរុបចំនួន ៦៨ នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក រយៈពេលហ្វឹកហ្វឺនរៀនសូត្រចំនួន០៣ខែស្មើរ៩១ថ្ងៃខ្លឹមសាររៀនសូត្ររួមមាន យោធារួម , អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ ។ លទ្ធផលក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន៤២នាក់ និទ្ទេសល្អបង្គួរចំនួន ២៥នាក់ ៕
















