ប្រជាពលរដ្ឋជាង៤៣០គ្រួសារ ដែលរស់នៅលើចំណីដងស្ទឹងសៀមរាប ស្ម័គ្រចិត្តទទួលយកទីតាំងថ្មីរស់នៅ
` ប្រជាពលរដ្ឋជាង៤៣០គ្រួសារ មានលំនៅដ្ឋានលើចំណីដងស្ទឹងសៀមរាប ស្ថិតលើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ អភិវឌ្ឍក្រុងទេសចរណ៍អង្គរ និងស្ថិតក្នុងគម្រោងកែលម្អសោភ័ណភាពនៃដងស្ទឹងនោះ បានស្ម័គ្រចិត្តប្តូរទីតាំងទៅកសាងជីវភាពរស់នៅថ្មីនៅ ភូមិធម្មជាតិ រុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ។
លំនៅដ្ឋានលើចំណីដងស្ទឹងទាំងនេះ ចាប់ពីស្អាននាគ ដល់ស្ពានអង្គរ ក្នុងសង្គាត់ស្លក្រាមនៃក្រុងសៀមរាប។ ជាមួយនឹងការផ្លាស់ប្ទូរទីតាំងនេះ ប្រជាពលរដ្ឋបានទទួលគោលនយោបាយ និងការសម្របសម្រួលពីអាជ្ញាធរខេត្ត ដោយក្នុង១គ្រួសារទទួលបានផ្ទៃដីលំនៅដ្ឋាន ២០ម៉ែត្រ គុណនិង ៣០ម៉ែត្រ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា មន្រ្តីជំនាញពាក់ព័ន្ធ ចុះបោះបង្គោលសំគាល់ដីឡូត៍នេះ ក្នុងគោលបំណងដ៏សំខាន់ផងដែរ គឺដើម្បីជម្រុញបន្ថែម លើការរៀបចំហេដ្ឋារចនាសម័្ពន្ធភូមិថ្មីនេះ ឲ្យសមស្របបំផុត ឆ្លើយតបបានទៅនឹងតម្រូវការជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយទីតាំងថ្មីនេះ ស្ថិតនៅខាងលិច ចម្ងាយជាង១គីឡូម៉ែត្រប៉ុណ្ណោះ ពីភូមិធម្មជាតិរុនតាឯកទី១ ដែលបានដំណើរការអភិវឌ្ឍ ជិត១០ឆ្នាំកន្លងមកហើយនោះ ។ ប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចហើយ និងត្រៀមខ្លួនមកកាន់ទីតាំងថ្មីនេះ បានបង្ហាញការពេញចិត្ត នៅពេលដែលបានទៅឃើញទីតាំងនោះដោយផ្ទាល់ ក៏ប៉ុន្តែក៏បានភ្ជាប់ជាមួយនូវសំណូមពរផងដែរ ដែលជាបញ្ហាប្រឈមរបស់ខ្លួន ផ្តោតទៅលើការរុះរើផ្ទះ និង ការដឹកជញ្ជូន ដោយសារតែវិបត្តិកូវីដ-១៩ ពួកគាត់មួយចំនួនកំពុងជួបប្រទះនូវកង្វះខាត ។
លោក សុខ ថុល នាយករដ្ឋបាល ខេត្ត បញ្ជាក់ឲ្យដឹងថា ចំពោះបងប្អូនដែលរស់នៅលើដីចំណីស្ទឹងសៀមរាប អាជ្ញាធរខេត្តបានធ្វើការសម្របសម្រួលជូន ដល់បងប្អូន ក្នុងការរុះរើ ដឹកជញ្ជូនពីទីតាំងចាស់ទៅកាន់ទីតាំងថ្មី ដោយអាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញ ដើមី្បបង្កលក្ខណៈជូនបងប្អូនមករស់នៅទីនេះប្រកបដោយសុវត្ថិភាព សុខសាន្តនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីក្នុងខេត្តរបស់ យើងនេះ ។
សូមបញ្ជាក់ថា ផ្ទៃដីសរុបដែលផ្តល់ជូនប្រជាពលរដ្ឋមកតាំងទីលំនៅថ្មីនេះមាន៨៥ហិកតា ។
គួរេំលឹកថា ភូមិធម្មជាតិរុនតាឯកទី១ ដែលបានចាប់ផ្តើមរៀបចំឡើងនៅក្នុងអំឡុងឆ្នាំ២០១១ដោយអាជ្ញាធរជាតិអប្សរា មានប្រជាពលរដ្ឋរស់នៅប្រមាណជាង១០០គ្រួសារ។ ប្រជាពលរដ្ឋទាំងនោះ គឺជាអ្នកស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ហើយបច្ចប្បន្ននេះកំពុងស្ថិតក្នុងជីវភាពនៃការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងជាមូលដ្ឋានគោលដៅទេសចរណ៍ធម្មជាតិផងដែរ៕ ម៉ី សុខារិទ្ធ






