ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងយុវជននៅបណ្ដាទ្វីបផ្សេងៗ រួមគ្នាបរិច្ចាគថវិកាជិត១០០លានរៀល និងជាង៥១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
សមាជិក សមាជិកា និងក្រុមជំនួយការ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល (យ.គ.ក.) រួមជាមួយក្រុមការងារយុវជន នៅតាមបណ្ដាទ្វីប និងប្រទេស និងប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានស្មគ្រ័ចិត្តបរិច្ចាគថវិកា ចំនួន៩៤លាន៣សសែន៧ម៉ឺន៨ពាន់៤៥៦រៀល និង៥១ម៉ឺន៧ពាន់៦៥៦ដុល្លាសហរដ្ឋអាមេរិក តាមរយៈលោក ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនោះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕កឹម ទៀង
