ប្រធានាធិបតីប្រេស៊ីលគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃសុក្រនេះបានគំរាមដកខ្លួនចេញអង្គការសុខភាពពិភពលោក WHO ក្រោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានព្រមានប្រេស៊ីលជុំវិញការដកវិធានការរឹតត្បិតលឿនពេក គ្រាដែលមេរោគ COVID-19 មិនទាន់ថមថយចុះនៅឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។
ភាពតានតឹងរវាងប្រទេសប្រេស៊ីល និងអង្គការសុខភាពពិភពលោក WHO បានកើតមានឡើងស្របពេលដែលកាសែត ហ្វូឡា ដឺ សៅប៉ូឡូ បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា ១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថា ជាជំងឺផ្តាសាយតូចតាចនោះ បានសម្លាប់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី ។ បច្ចុប្បន្នប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ កំពុងតែព្យាយាមបើកទ្វារគ្រប់កន្លែងនៅក្នុងប្រទេសឡើងវិញ ដោយសារតែការមើលឃើញ ផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច ។
គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយប្រេស៊ីលមានអ្នកឆ្លងសរុប៦៤ម៉ឺន៦ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៥ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឹន២ពាន់៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕ធ.ដ