សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិក ដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹងរវាងលោក ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល ក្រោយលោកស្រី មើគែល ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕ធ.ដ