រដ្ឋបាលខេត្តកំពត គ្រោងរៀបចំកែលម្អសួនច្បារ​តាមដងព្រែកកំពង់បាយក្រុងកំពត

ខេត្តកំពត៖ ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ ទោះបីប៉ុន្មានឆ្នាំចុង​ក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តកំពត នៅតែបន្តយក​ចិត្តទុកដាក់បន្ថែម​ទៀតក្នុងការអភិវឌ្ឍន៍ និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ​នានាក្នុងក្រុងកំពតពិសេសសួន​ច្បារសាធារណៈ​ធ្វើយ៉ាងណាឲ្យក្រុងកំពតរក្សាបានតំណែងជាទីក្រុងទេសចរណ៍​ស្អាត​អាស៊ានបន្តទៀត។ 

ដោយផ្ដើមចេញនូវស្មារតីម្ចាស់ការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០  ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត  រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យដល់ទីតាំងដើម្បីសិក្សា​គម្រោងកែលម្អសួនច្បារមួយកន្លែងបន្ថែមទៀត តាមដងព្រែកកំពង់បាយ ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

តាមរយៈការកត់សម្គាល់សកម្មភាពកន្លងមកនេះ រដ្ឋបាលខេត្តកំពត តែងតែបានខិតខំយកចិត្តទុកដាក់លើ​កិច្ចអភិវឌ្ឍនូវ​ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងនៅទីក្រុងនិងជនបទមូលដ្ឋាន ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល​ដែលមាន​សម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដើម្បីធ្វើយ៉ាងណាសំដៅលើកកម្ពស់សុខមាលភាព​ និងការកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមជាវ តាយអភិបាលខេត្ត បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរត្រូវតែរួមសហការគ្នា​សិក្សាលើគម្រោង​កែលម្អសួនច្បារតាមដងព្រែកកំពង់បាយក្រុងកំពតមួយនេះ ឱ្យបានលឿនឆាប់រហ័ស ដើម្បីចាប់អនុវត្តនៅដើមឆ្នាំ ២០២១ ហើយបញ្ចប់នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ខាងមុខនេះ។ 

តាមមន្ត្រីជំនាញឲ្យដឹងថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារតាមដងព្រែកកំពតនេះ គឺមានប្រវែងប្រមាណ ៦០០ម៉ែត្រ  គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីក​សួនច្បារឲ្យបាន​ទំហំ១២ ម៉ែត្របន្ថែម  លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១២ម៉ែត្រ។ ក្នុងគម្រោងនោះដែរក៏មានការរៀបចំទីកន្លែង កម្សាន្ត សម្រាប់កុមារ យុវវ័យ មនុស្សចាស់ និងបំពាក់បង្គោលភ្លើង ដាំផ្កា រួមនឹងសម្ភារៈផ្សេងទៀត បម្រើឱ្យ ការកម្សាន្តសប្បាយរបស់ទេសចរ និងប្រជាពលរដ្ឋទូទៅ៕ SilaSarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner