ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់ឆ្នាំ២០២០ ក្រោមប្រធានបទ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅស្រុកបាណន់
បាត់ដំបង៖ លោកជំទាវ ផាវ៉ាន់ សាកឿត សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ សម្រាប់ឆ្នាំ២០២០ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋាន” នៅស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
គោលបំណងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ការពិគ្រោះយោបល់ និងការឆ្លើយតបអំពីបញ្ហា ក្ដីកង្វល់ និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងពិភាក្សាស្រាយបំភ្លឺអំពីបញ្ហាផ្សេងៗដល់អ្នកចូលរួមទាំងអស់ ក្នុងការលើកកម្ពស់ ការឆ្លើយតបចំពោះតម្រូវការរបស់មូលដ្ឋាន ព្រមទាំងរកដំណោះស្រាយឲ្យបានសមស្រប និងឆ្លើយតបបានទាន់សភាពការណ៍ ។
ក្នុងនោះដែរ គឺជាការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យមានការកែលំអប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងការធានាការរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា ៕វណ្ណលុក