ផ្លូវក្រាលកៅស៊ូ AC ចំនួន ៧ខ្សែរ ប្រវែងសរុប ២,៤២៤ម៉ែត្រ និងសំណង់សិល្បការតាមបណ្តោយដងផ្លូវ បានបើកដំណើរការដ្ឋានជួសជុលជាស្ថាពរ
កែប៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោមពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសឲ្យដំណើរការ ការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែរ ប្រវែងសរុប២,៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ។ ព្រោះថាផ្លូវទាំងនេះបម្រើរឲ្យការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ទើបទើបយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗដូចពេលនេះ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតដែរថា ក្រោយផ្លូវទាំង ៧ខ្សែរនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សា និងប្រើប្រាស់ផ្លូវទាំងនេះឲ្យបានគង់វង្សយូរអង្វែង។Sila sarin