ក្រុមហ៊ុនហ្គោលឌិនស្តារ រ៉ាយស៍ ផ្តល់អង្ករ៥តោនដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបងសំរាប់ការងារ មនុស្សធម៌និងជួយដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង
ទាំងវិស័យឯកជន និង សប្បុរសជន នៅតែបន្តក្នុងការរួមចំណែក ជួយឧបត្ថម្ភគាំទ្រយ៉ាងផុលផុសដើម្បីចែករំលែកនូវទឹកចិត្តមនុស្សធម៌ ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តនិងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ និង បណ្តាស្ថាប័នអង្គភាពនានា នៅតែបន្តជួយ ជាពិសេសជួយដល់មន្ទីរសុខាភិបាលខេត្ត នៅតែបន្តជួយជាអំណោយមនុស្សធម៌ កើតមានជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុននិងរោងចក្រម៉ាស៊ីនកិនស្រូវ ផលិតអង្ករ សម្រាប់ការនាំចេញ ទៅក្រៅប្រទេស “ហ្គោលដិនស្តារ រ៉ាយស៍ ” ក៏បានពាំនាំយកអង្ករ ចំនួន៥តោន ម៉ាស់និងអាល់កុលមួយចំនួន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ដែលជាជម្ងឺរាតត្បាតជាសកលកន្លងមក។អង្ករដែលនាំយកនិងប្រគល់ជូន លោកប្រធាន មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅពេលនេះ គឺក្នុងគោលបំណងដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងកិច្ចការមនុស្សធម៌ដើម្បីសង្គមហើយក៏ជាការរួមចំណែ
កឆ្លើយតប ពីវិបត្តិកូវីដ-១៩កន្លងមកនេះផងដែរ។
នេះបើតាមការលើកឡើងពីលោក រ៉េត រដ្ឋា ប្រធានក្រុមហ៊ុនផលិតអង្ករនាំចេញ ហ្គោលដិនស្តារ រ៉ាយស៍ ដែលស្ថិតក្នុង ឃុំអូតាគីរ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្នុងឱកាសនាំយកអង្ករនិងសម្ភារៈខាងលើ ជាមួយ និងក្រុមគ្រួសារបងប្អូន របស់ខ្លួនដែលបាននាំយកអង្ករ និងសម្ភារៈម៉ាស់និងអាល់កុល មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ នេះ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណដោយបានសម្តែងនូវការកោតសរសើរ ពីទឹកចិត្ត និង សន្តានចិត្តសប្បុរសធម៌ របស់លោកប្រធានក្រមហ៊ុនហ្គោលឌិនស្តាររ៉ាយស៍ និងក្រុមគ្រួសារបងប្អូនទាំងអស់ ដែលបានលះបង់ ក្នុងការផ្តល់នូវអង្ករ៥តោននៅថ្ងៃនេះដល់មន្ទីរសម្រាប់កិច្ចការមនុស្សធម៌និងដល់ក្រុមគ្រូពេទ្យជួរមុខ ដែលប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩កន្លងមក។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានជូនភ្ញៀវផងដែរថា៖បើទោះបីជាស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានសភាពស្ងប់ស្ងាត់ និង ពុំទាន់រកឃើញថ្មីជាបន្តក្នុងខេត្តបាត់ដំបង ក៏ពិតមែន តែការងារក្នុងការទប់ស្កាត់ កុំឲ្យឆ្លងរាលដាលនិងការរាតត្បាតពីជំងឺនេះ នៅក្នុងខេត្តបាត់ដំបង ក៏ពុំបានបន្ធូរបន្ថយដៃនោះដែរ។ ហើយចំពោះសកម្មភាពនិងទឹកចិត្តមនុស្សធម៌ ពីការចូល្រួមបរិច្ចាគនូវធនធាន សម្ភារៈស្បៀងអាហារ និងបរិក្ខារសុខាភិបាលដូចជាម៉ាស់ អាល់កុល ជែល ជាដើម។ នៅតែបន្តកើតមាននូវក្នុងការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បប្អូនប្រជាពលរដ្ឋ យ៉ាងផុសផុលផងដែរ។
ការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលលោកប្រធានមន្ទីរសុខាភិបាល ទទួលនូអំណោយចំនួនអង្ករ ៥តោន ពីក្រុមហ៊ុនហ្គោលដិនស្ដាររ៉ាយស៍ (Golden Star Rice ) ព្រឹកម៉ិញនេះ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានគូសបញ្ជាក់ទៀតថា៖បញ្ហាជំងឺកូវីដ-១៩នៅខេត្តបាត់ដំបងកន្លងមកមន្ទីរសុខាភិបាលនិងក្រមគ្រូពេទ្យ បានលះបង់ក្នុងការប្រយុទ្ធប្រឆាំង ពីជម្ងឺរាតត្បាត មួយនេះ ក្នុងការគ្រប់គ្រង និងព្យាបាលបានដោយជោគជ័យ។ហើយក្រៅពីអ្នកជំងឺទាំង៨នាក់ ដែលបានឆ្លងនិងបានជាសោះស្បើយហើយនោះ គឺ៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជូនសំណាក់ អ្នកដែលមានការសង្ស័យជាង ៥០០ទៀត ទៅពិនិត្យនៅរាជធានីភ្នំពេញ គឺ៖ពុំទាន់មានរកឃើញអ្នកឆ្លងបន្តទៀតនោះទេ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានសង្កត់ទៀតថា៖ការងារចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩នេះ សម្រាប់បាត់ដំបង គឺនៅតែបន្តមានវិធានការខ្ពស់ ទាំងការផ្សព្វផ្សាយអប់រំ ទាំងការពិនិត្យសុខភាពជូនដល់ពលករ ក៏ដូចជាការណែនាំឲ្យពួកគេធ្វើចត្តាឡីស័កនៅតាមផ្ទះ។ហើយការងារទប់ស្កាត់នេះ ក៏មានការចូលរួមពីពលរដ្ឋតាមរយៈការអនុវត្តតាមការណែនាំពីវិធានការ អនាម័យ របស់ក្រសួងសុខាភិបាលឲ្យបានជាប់ ជាប្រចាំ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )