ប្រធាន JCIអាណត្តិថ្មីនឹងជំរុញគម្រោងឆ្នាំ2021 ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ជោគជ័យ
ដោយមើលឃើញពីភាពជឿជាក់ និងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំដែលអាចជំរុញសភាយុវពាណិជ្ជករ
អន្តរជាតិកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត លោក ប៉ាក ចន្ទលីណូ ត្រូវបានជ្រើសតាំង
ជាប្រធានក្នុងអាណត្តិថ្មីនេះ នឹងត្រូវដឹកនាំសមាជិកក្នុងការបន្តសកម្មភាពគម្រោង និងបេសកកម្មក្នុង
ឆ្នាំ2021 រួមជាមួយនឹងការជំរុញរាល់គម្រោង និងសកម្មភាពសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា JCI ឱ្យផ្តល់ជាផលវិជ្ជមានទៅកាន់សង្គមជាតិ និងភាពរីកចម្រើនរបស់ JCI ទាំងមូលផងដែរ ។
លោក ឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិ នៃ JCI Cambodia ឆ្នាំ2020 បានប្រាប់ AMSថា៖ «នៅ
ឆ្នាំ2020យើងបានរៀបចំផែនការ និងយុទ្ធសាស្ត្រប្រចាំឆ្នាំ តែអ្វីដែលបានគ្រោងទុកគឺកិច្ចប្រជុំថ្នាក់តំបន់
បានត្រូវអាក់ខានដោយសារតែកូវីដ ទើបធ្វើឱ្យយើងងាកទៅជួយលើសហគមន៍របស់យើងវិញ ដោយក្នុងនោះ
JCI បានចូលរួមការងារសង្គមជួយដល់ជនរងគ្រោះជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោកឧកញ៉ា ឡេង សុខគា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ2020 យើងធ្វើផែនការ ដោយបានផ្តោតទៅ
លើ4វិស័យគឺ៖ សហគមន៍ ទំនាក់ទំនងធុរកិច្ច ទំនាក់ទំនងការបរទេស និងការអភិវឌ្ឍបុគ្គល បានន័យថាយើង
បង្រៀន បង្ហាត់បង្ហាញ បណ្តុះបណ្តាលសមាជិកនឹងពាណិជ្ជករកម្ពុជា។ ពេលកូវីដរាលដាល គម្រោងទាំងអស់ត្រូវធ្វើតាមអនឡាញ មានគម្រោងជាង10ដែលអាចធ្វើដោយផ្ទាល់។
លោកឧកញ៉ា ឡេង សុខគា បានបញ្ជាក់ថា៖«ខ្ញុំមានភាពជឿជាក់ថាក្រុមប្រឹក្សាភិបាលសម្រាប់ឆ្នាំ2021 គាត់មាន
សមត្ថភាពខ្ពស់ក្នុងការសម្រេចផែនការឆ្នាំ2021 ដែលបានរៀបគម្រោងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ202ជាទិសដៅ
យើងចង់បានអ្នកបន្តវេនជាអ្នកមានសមត្ថភាពក្នុងការដឹកនាំ លោកប៉ាក ចន្ទលីណូ ត្រូវបានជ្រើសរើសដោយ
ការបោះឆ្នោតប្រធាន JCI ក្នុងឆ្នាំ2021 សង្ឃឹមថាលោកនឹងទទួលបានជោគជ័យលើការងារក្នុងឆ្នាំខាងមុខ
នេះ»។
លោកប៉ាក ចន្ទលីណូ បានប្រាប់ AMSថា៖ «គោលបំណងរបស់យើងនៅឆ្នាំ2021នេះគឺធ្វើយ៉ាងណាដើម្បីពង្រឹង និងផ្សព្វផ្សាយបន្ថែមនូវកេរ្តិ៍ឈ្មោះសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជារបសយើងទៅសាធារណជនឱ្យមានការទទួល
ស្គាល់បន្ថែមទៀតនិងយល់កាន់តែច្បាស់ថាអង្គការ JCI បង្កើតនូវអ្នកដឹកនាំវ័យក្មេង។ នេះគឺជាគោលបំណងធំ
របស់ JCI ក្នុងឆ្នាំ2021។
លោក ប៉ាក ចន្ទលីណូ បានបន្តទៀតថា យើងឃើញថានៅឆ្នាំ2020មានការពិបាក គឺការរាលដាលនូវជំងឺកូវីដ-19ដែលការកើតឡើងនេះបានធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង និងធ្វើឱ្យយើងពិបាកនឹងអនុវត្តគម្រោងរបស់យើង។ ដូច្នេះហើយនៅក្នុងឆ្នាំ2021នេះ ៖
ទី1-យើងនឹងរៀបចំការប្រុងប្រៀបខ្លួនឱ្យបានល្អប្រសើរជាងមុនដើម្បីអនុវត្តឱ្យបាននូវគម្រោងជាង60របស់ JCI ទាំង7 សាខាដោយធ្វើឱ្យមានភាពសម្រេចអាចកើតឡើងបាន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ទី2-ពង្រឹងបន្ថែមទៅលើសមាជិករបស់ JCI ធ្វើឱ្យគាត់អាចទទួលចំណេះដឹងបន្ថែមតាមរយៈការបណ្តុះ បណ្តាលជា
ទៀងទាត់ ហើយបើគម្រោងមិនអាចធ្វើបានតាមរយៈដោយផ្ទាល់ ក៏យើងអាចធ្វើតាមរយៈអនឡាញ ធ្វើយ៉ាងណា
ឱ្យគាត់ចេះសម្របខ្លួនទៅនឹងគន្លងថ្មីដែលយើងត្រូវជួបប្រទះនៅក្នុងឆ្នាំ 2021។
បើធៀបជាមួយប្រទេសជាច្រើន កូវីដនៅក្នុងប្រទេសកម្ពុជាយើងអាចនិយាយបានថាត្រួតពិនិត្យបានល្អក្នុងការ
សម្រេចចិត្តក៏ដូចជាការធ្វើសកម្មភាព ដែលធ្វើការទប់ស្កាត់ការរីករាលដាលនូវជំងឺបានល្អក៏សូមអរគុណដល់ប្រមុខ
រាជរដ្ឋាភិបាលដែលបានសម្រេចកិច្ចការនេះ។ តាមរយៈការដឹកនាំរបស់លោកប្រធានចាស់លោកឧកញ៉ា ឡេង សុខគា យើងបានចូលរួមក្នុងកិច្ចការសង្គមគឺគម្រោង «កញ្ចប់មួយក្តីស្រឡាញ់មួយ»ដោយបានធ្វើ2លើក។ ក្រៅពីហ្នឹងគម្រោងជាច្រើនដែលយើងកែប្រែពីបញ្ហាប្រឈមទៅជាឱកាស ដោយយកបច្ចេកវិទ្យាមកអនុវត្ត
គម្រោងរបស់យើងតាមអនឡាញ ដែលយើងអាចធ្វើ ការងារនេះបានប្រសើរជាងប្រទេសជាសមាជិកJCI មួយចំនួនក្នុងចំណោមជាង100ប្រទេសលើសកលលោក។ នេះបើតាមលោក ប៉ាក ចន្ទលីណូ ។
លោក ប៉ាក ចន្ទលីណូ បានបញ្ជាក់ថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំ និងប្តេជ្ញាចិត្តថាការអនុវត្តនូវគម្រោង និង
បេសកកម្មរបស់ JCI ក្នុងឆ្នាំ2021ខាងមុខនេះ និងអនុវត្តទៅបានដោយរលូនដោយសារគ្រប់សមាជិកសមាជិកា និងក្រុមប្រឹក្សាភិបាលបានមូលមតិគ្នាថាយើងត្រៀមរៀបចំឱ្យបានប្រសើរ ឆ្លើយតបទៅនឹងស្ថានភាពប្រឈមណា
មួយដែលអាចកើតឡើងដូចឆ្នាំ2020។ សរុបមកគឺ ៖
ទី1-យើងទាំងអស់គ្នាជាសមាជិក JCI Cambodia បានត្រៀមរៀបចំ
ទី2-យើងមានក្រុមប្រឹក្សាភិបាលសមាជិកជិកា និងអ្នកស្ម័គ្រចិត្តសកម្មជាច្រើនរបស់សភាយុវពាណិជ្ជករអន្តរជាតិ
កម្ពុជាដែលខ្ញុំមានជំនឿជឿជាក់ថានឹងអាចអនុវត្តបាន និងឈានទៅដល់គោលដៅដែលយើងបានដាក់នៅក្នុង
ឆ្នាំ2021»។
សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមូលផ្តុំ ដោយពាណិជ្ជករ និងយុវជន អាយុចាប់ពី18ឆ្នាំ ដល់អាយុ40ឆ្នាំ ដែលកំពុងស្ម័គ្រចិត្តចូលរួម
អភិវឌ្ឍន៍ និងបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម៕