នគរបាលខណ្ឌមានជ័យ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍នៅយប់ថ្ងៃបុណ្យណូអែល រកឃើញអ្នកបើកបរល្មើសច្បាប់ ក្រោមឥទ្ធិពលជាតិស្រវឹង ជិត២០នាក់ មិនពាក់មួកការពារសុវត្ថិភាពជិត១០០នាក់

ភ្នំពេញ៖ នៅយប់ថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ដោយរកឃេីញអ្នកបើកបរល្មើសច្បាប់ ក្រោមឥទ្ធិពលជាតិស្រវឹង ជិត២០នាក់ ហេីយត្រូវឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព ជិត១០០នាក់ ត្រូវបានឃាត់ផាកពិន័យ ។

  លោកវរសេនីយ៍ទោ ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា  ក្នុងប្រតិបត្តិការនេះ ធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  ព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង ទទួលដឹកនាំខណ្ឌមានជ័យ និងចុះដឹកនាំដោយលោកអធិការរងចំនួន៤រូប សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក សរុបជិត៤០នាក់ បានដាក់ គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យលើអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រមទាំងធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿង ដែលមិនពាក់មួកសុវត្ថិភាព ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់ជាតិស្រវឹង ដោយធ្វើការបង់ផាកពិន័យ តាមផ្លូវច្បាប់ ដោយចេញវិក្កយបត្របង់ផាកពិន័យត្រឹមត្រូវផងដែរ ។

   ជាលទ្ធផល ក្នុងការត្រួតពិនិត្យ មានយានយន្ដឆ្លងកាត់សរុបចំនួន ៤៦៩គ្រឿង, យានយន្ដត្រួតពិនិត្យសរុប ចំនួន ៤៦៩គ្រឿង, រថយន្ដ ចំនួន ១២៧ គ្រឿង, ម៉ូតូ ចំនួន ៣៤២គ្រឿង ។ អប់រំអ្នកបើកបរមានអត្រាជាតិអាល់កុលក្រោម 0,25mg/L ០នាក់ ។ អ្នកបើកបរមានជាតិស្រវឹង ០,25mg/l ដល់ ០,39mg/l ចំនួន ០៥នាក់ ម៉ូតូ០៥គ្រឿង ផាកពិន័យនៅអធិការដ្ឋានខណ្ឌមានជ័យ។ អ្នកបើកបរម៉ូតូ0,40mg/L ឡើងទៅ ចំនួន ១៣នាក់ (រថយន្ត ០០គ្រឿង និងម៉ូតូ ១៣គ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍)។ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្តិភាព ចំនួន ៩២នាក់ ។ ម៉ូតូគ្មានកញ្ចក់មើលក្រោយចំនួន ០០គ្រឿង ។ រថយន្តមិនពាក់ខ្សែក្រវ៉ាត់ចំនួន ០០គ្រឿង ។ រថយន្តបើកបរនិយាយទូរស័ព្ទចំនួន ០០ គ្រឿង ។ ចំណែកគ្រឿងញៀនគ្មាន ។

  សូមបញ្ជាក់ថា បន្ទាប់ពីផ្អាករយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩នោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យនគរបាលចរាចរណ៍ បន្ដការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញដូចសព្វមួយដង។ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលនេះការផ្អាកគឺ១៥ថ្ងៃ ចាប់ពីថ្ងៃទី០១-១៥ ខែធ្នូ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្ដើមអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ រីឯខេត្តផ្សេងៗទៀត អត់មានផ្អាកទេ គឺអនុវត្តរហូតមក»។ ការចេញមកបញ្ជាក់ជាថ្មី របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក្រោយមានការងឿងឆ្ងល់ និងលើកជាចម្ងល់ថា កន្លងទៅមានការណែនាំឲ្យផ្អាក ការអនុវត្តច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រហូតមានការជូនដំណឹងថ្មី ប៉ុន្ដែមិនទាន់មានសេចក្ដីជូនដំណឹងផង ស្រាប់តែឃើញនគរបាលចាប់ផ្ដើមរឹតបន្ដឹងច្បាប់ចរាចរណ៍ និងផាកពិន័យឡើងវិញ។
គួរជម្រាបថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអាទិភាព ជាឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ឲ្យបានខ្លាំងខ្លាបំផុត ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នករងរបួស ព្រមទាំងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ការរឹតបន្ដឹងនេះ តាមរយៈការបង្កើននូវប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់»។ តាម Facebook Page របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលបានសរសេរយ៉ាងដូច្នេះ គឺក្រោយលិចឮព័ត៌មាន កន្លងមក ចំពោះអ្នកដែលបើកបរខុសច្បាប់ តែងតែអាងអ្នកនេះ អាងអ្នកនោះ ដែលធ្វើឲ្យមានការលំបាកដល់មន្ដ្រីចរាចរណ៍ ក្នុងការអនុវត្ដច្បាប់ចំពោះជនទាំងនោះ។ ជាមួយគ្នានោះឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរ និងអរគុណដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញ ការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ ៕ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner