ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតនារីស្នាក់នៅក្នុងអន្តេវាសិក 125 នាក់
ភ្នំពេញ៖ ក្នុងន័យលើកកម្ពស់ស្ថានភាពសិក្សារបស់និស្សិតនារីក្រីក្រមកពីបណ្ដាខេត្តនានាក្នុងឆ្នាំសិក្សា 2021- 2022 ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រសម្រាប់និស្សិតអាហារូបករណ៍ និងបង់ថ្លៃឱ្យស្នាក់នៅជាបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីសរុបចំនួន 125 នាក់។
ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់នៅរាជធានីភ្នំពេញ ផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទាន់ពេលវេលា និងសមស្របទៅកាន់និស្សិត និងបញ្ជូនឯកសារមកក្រសួង
ឱ្យបានមុនថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2021។
លក្ខខណ្ឌដែលនិស្សិតនារីអាចស្នើសុំមជ្ឈមណ្ឌលអន្តេវាសិកស្នាក់នៅបណ្ដោះអាសន្នបាន ជានិស្សិតនារី ទទួលបានអាហារូបករណ៍ ឬបង់ថ្លៃ កំពុងសិក្សាឆ្នាំទីមួយនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុង
រាជធានីភ្នំពេញ។ និស្សិតនារីក្រីក្រនិងនិស្សិតនារីមានពិការភាពមកពីខេត្តនានាត្រូវមានភ្ជាប់លិខិតបញ្ជាក់ពីមេភូមិនិងមេឃុំ។ បេក្ខជនត្រូវនៅលីវ មានវិន័យ និងមានសីលធម៌ល្អ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ ដាក់ទៅគ្រឹះស្ថានឧត្តម
សិក្សារបស់ខ្លួនដោយខ្លួនឯង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2021។ ចំណែកលទ្ធផលនឹងបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ នៅថ្ងៃទី 01 ខែមីនា ឆ្នាំ 2021។
សូមជម្រាបថា ជារៀងរាល់ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា តែងប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ឱ្យស្នាក់នៅក្នុងអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕