ប្រជាពលរដ្ឋខ្មែរ១០១នាក់ វិលចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តបន្ទាយមានជ័យ
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៣រសៀលថ្ងៃ២៩ធ្នូឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។
ក្នុងការបិទច្រកនោះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ ហើយពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ អាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនបាន។ ចំណែកឯពលរដ្ឋខ្មែរ ដែល វិលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១០១នាក់ ស្រី ៣៩នាក់។ ពួកគេ ត្រូវបានអជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅតាមទីតាំងដែលអាជ្ញារចាត់ចែង៕កឹម ទៀង