ប្រជាពលរដ្ឋចំនួន១៨០គ្រួសារ នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក ទទួលបានអំណោយ មនុស្សធម៍ពីកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគិរី
ដើម្បីឆ្លើយតបតាមតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន១៨០គ្រួសារ មកពីរឃុំ ក្នុងស្រុកកោះញែក ដែរពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកស្រី វិន ស៊ីធួន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជាពិសេសសម្តេច តែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ ជាដើម។
លោកស្រី ក៏បានជម្រាបពីការរីករាលដាលជំងឺកូវីដ-១៩ ដោយបានឲ្យបងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារនិងរក្សអនាម័យ ជាពិសេស អនុវត្តនូអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី វិន ស៊ីធួន បានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំ ដើម្បីធ្វើយ៉ាងណាលើកស្ទួយជីវភាពរស់នៅឲ្យមានលក្ខណៈសមរម្យ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៨០គ្រួសារ មកឃុំចំនួន២ គឺ៖ ឃុំស្រែសង្គម និងឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែក ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងអាវយឺតចំនួន២ផងដែរ៕ ដោយ៖ពលៈ
