កម្ពុជាកំពុងបន្តស្រាវជ្រាវពូជស្រូវ គឺដើម្បីបង្កើនទិន្នផល និងឆ្លើយតបតម្រូវការទីផ្សារ

ដោយសារតម្រូវការនៃការនាំទិន្នផលស្រូវទៅកាន់ទីផ្សារក្រៅប្រទេសមានការកើនឡើង និងតម្រូវឱ្យប្រាកដមានគុណភាពល្អ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងបន្តការស្រាវជ្រាវរកនូវពូជស្រូវដែលល្អ មានគុណភាព ដែលស្របទៅនឹងតម្រូវការទីផ្សារ។

លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ CARDI បានប្រាប់ AMS ឱ្យដឹងថា៖ អ្នកជំនាញបានធ្វើការស្រាវជ្រាវរាល់ថ្ងៃ ដើម្បីស្វែងរកដំណាំស្រូវល្អប្រសើរ ដើម្បីសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ៖ «ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ កាឌី បានបញ្ចេញពូជស្រូវថ្មីចំនួន 2 គឺផ្កាមាលតី និងសែនក្រអូប01។ ចំពោះទិន្នផលរបស់ស្រូវពូជផ្កាមាលតីនេះគឺអាចទទួលបានចាប់ពី 3.5 ទៅ 5.5 តោនក្នុងមួយហិកតា។ ពូជស្រូវផ្កាមាលតីនេះ គឺជាពូជមួយដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួត ធន់ទ្រាំបានល្អនឹងទឹកជំនន់ និងការដួលដើម ហើយមានគុណភាព និងទិន្នផលខ្ពស់»។

សម្រាប់ពូជស្រូវ “ផ្កាមាលតី” ជាពូជស្រូវកណ្តាលមានក្លិនក្រអូបស្រាល ប្រកាន់រដូវ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូន កសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ2018។ ដោយឡែក ពូជស្រូវសែនក្រអូប01ចេញនៅឆ្នាំ2019 ជាស្រូវមិនប្រកាន់រដូវ។ ស្រូវប្រភេទនេះបាន និងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ ជាពិសេសទៅទៀត ជាពូជស្រូវដែលមានគុណភាពអង្ករល្អប្រសើរ និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ នេះបើតាមលោកបណ្ឌិតបានបញ្ជាក់។

រូបភាព ៖ ពូជស្រូវក្រអូបកម្ពុជាសម្រាប់នាំចេញ

លោកបណ្ឌិត អ៊ុក ម៉ាការា បានបញ្ជាក់ថា ៖ «យើងបានពូជស្រូវ “សែនក្រអូប01” ដោយសម្រាំងវាតាមបច្ចេកទេសចេញពីស្រូវប្រណិតប្រភេទផ្ការំដួលរបស់កសិករ មានសែនក្រអូប ផ្កាម្លិះ សូម៉ាលី រំដេង និងរមៀតជាដើម។ គ្រាប់ពូជគ្រឹះសែនក្រអូបនេះបានធ្វើទុកបញ្ចេញចំនួនរហូតដល់7តោន។ ឯពូជដទៃត្រឹមតែ2-3តោនប៉ុណ្ណោះ។ ស្រូវខ្លះវារើសដីតែវាមិនរើសខេត្តទេ។ វាគ្រាន់តែមានផលខុសគ្នាតិចតួច គឺវាទាក់ទងទៅនឹងបច្ចេកទេស»។

លោកបណ្ឌិត បានឱ្យដឹងដែរថា ក្នុងការបញ្ចេញពូជស្រូវដែលស្រាវជ្រាវបាន គឺត្រូវបញ្ជូនទៅតាមបណ្តាមន្ទីរខេត្តទូទាំងប្រទស តែពូជនេះជាពូជដើមត្រូវបានកំណត់ឱ្យលក់ តែវាមានតម្លៃខ្ពស់។ អ្នកស្រុកតែងយកពូជដែលបំផ្លែងពីពូជដើមយកទៅដាំដុះបន្ត ទើបវាទទួលបានផល ព្រោះបើយកពូជដើមវាពិបាកថែរ ទោះបីជាមានការពន្យល់ប្រាប់ និងបណ្តុះបណ្តាលពីរបៀបដាំ ថែទាំនៅក្នុងព្រឹត្តបត្ររបស់ក្រសួង និងមន្ទីរកសិកម្មខេត្តក៏ដោយ។

លោក សួន សំណាង ជាកសិករនៅភូមិប្រឡាយស្តៅ ឃុំទម្លាប់ ស្រុកមោងឬស្សី ខេត្តបាត់ដំបងបានប្រាប់ AMSថា ៖ ពូជស្រូវដែលលោកបានធ្វើជាប្រចាំរាប់ឆ្នាំកន្លងមកនេះគឺបានមកពីការទិញពូជពីមន្ទីរកសិកម្មខេត្ត ពូជនេះជាប្រភេទពូជមិនសុទ្ធទេ តែវាមានលក្ខណៈជាសន្តានរបស់វា។
លោកបញ្ជាក់ថា «យើងអាចទិញបានត្រឹម1គីឡូក្រាម2000រៀល។ តែបើទិញពូជសុទ្ធ1គីឡូ3.5$ ហើយពិបាកក្នុងការថែរទាំ។អ្នកស្រុកទូទៅគេនិយមប្រើពូជមិនសុទ្ធព្រោះវាទទួលផលទាបជាងគ្នាតិចតួចប៉ុណ្ណោះ។គឺក្នុង1ហិកតាពូជដើមទទួលផលក្នុង1ហិកតាបានផល3,5តោន ។ ឯពូជធម្មតា(មិនសុទ្ធ)ទទួលផលក្នុង1ហិកតាទទួលផលបាន3,25តោន»។

រូបភាព ៖ ពូជស្រូវក្រអូបកម្ពុជាសម្រាប់នាំចេញ

លោក សំណាង បានបញ្ជាក់ក្នុងការប៉ាន់ស្មានថា ៖ «ឧទាហរណ៍បើយើងលក់ចេញពូជសុទ្ធបាន1ហិកតា
1លាន10ម៉ឺនរៀល ពូជស្រូវធម្មតាទទួលបាន1លាន គឺមិនលើសខ្វះគ្នាប៉ុន្មានទេ ដែលទិន្នផលនេះយើងទទួលបានផលចំណេញសមរម្យដែរសម្រាប់មួយរដូវ»។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកព័ត៌មានស្តីពីការប្រមូលផលជាមធ្យម គឺប្រហែល 3.122 តោនក្នុងមួយហិកតា ដែលជាការកើនឡើងពីប្រមាណ 3.095 តោនក្នុងមួយហិកតាកាលពីឆ្នាំមុន។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖ «ទោះបីជាមានការគំរាមកំហែង ដោយទឹកជំនន់នាពេលថ្មីៗនេះក៏ដោយក៏ផលិតកម្មស្រូវរដូវវស្សាត្រូវបានរំពឹងថានឹងកើនឡើងដល់ 8.5 លានតោននៅឆ្នាំនេះដែលជាការកើនឡើង 4%ពីឆ្នាំ 2019។ ប្រហែលជា 89% ឬ 57.557 ហិកតានៃផ្ទៃដីស្រូវសរុបនៅក្នុងខេត្តចំនួន19 ដែលរងផលប៉ះពាល់ដោយទឹកជំនន់ថ្មីៗនេះ។ ក្រសួងក៏បានប្រគល់គ្រាប់ពូជស្រូវរាប់ពាន់តោនដល់ប្រជាកសិករ ដើម្បីធ្វើស្រែលើដីស្រែដែលត្រូវបានស្តារឡើងវិញ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner