សម្ភារៈជំនួយរបស់ឥណ្ឌាសម្រាប់ជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ចំនួន ១៥ តោន បានដឹកមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយនាកងទ័ពជើងទឹកឥណ្ឌា
សម្ភារៈជំនួយរបស់ប្រទេសឥណ្ឌា សម្រាប់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះទឹកជំនន់មានចំនួន១៥តោន បានដឹកមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយនាកងទ័ពជើងទឹកឥណ្ឌាព្រមទំាងបានធ្វើពិធីប្រគល់ ទទួល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងតំណាងអោយឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងស្ថានទូតឥណ្ឌា អាជ្ញាធរខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។
អំណោយនេះប្រមាណ១៥តោន ស្មើ៧០០កេសធំ ក្នុងនោះមានចំនួន ៣.០០០ឃីត សម្រាប់ប្រជាជន រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ ដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌាទៅកាន់ តំបន់អាស៊ីអាគ្នេយ៍នេះធ្វើឡើងក្រោមបេសកកម្ម SAGAR-3 នាវាកងទ័ពជើងទឹកឥណ្ឌា“ INS KILTAN”សាធារណៈរដ្ឋឥណ្ឌា ដឹកនាំដោយមេបញ្ជាការ BK PONNAPPA ។
នាវាបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុគឺចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ។
លោក B. Subba Rao លេខាទី២ តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា ការ ផ្តល់សម្ភារៈជំនួយសង្គ្រោះនេះធ្វើឡើង តាមរយៈស្ថានទូតឥណ្ឌានៅភ្នំពេញបានសហការ ជាមួយសហគមន៍ឥណ្ឌានិងធុរកិច្ចនៅកម្ពុជា។ឥណ្ឌា បានគាំទ្រ និងបានជួយប្រទេសកម្ពុជាជាបន្តបន្ទាប់។ លោកបានបញ្ជាក់ផងដែរថា ការបរិច្ចាគសម្ភារៈជំនួយទឹកជំនន់ គឺជាការបង្ហាញពីចំណងមិត្តភាពដ៏ស្ថិតស្ថេររវាងប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហង្ស សាមឿន តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌា ចំពោះកាយវិការប្រកបដោយទឹកចិត្តមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជាដែលរងគ្រោះដោយទឹកជំនន់។តាមរយៈនេះនឹងធ្វើអោយទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែរឹងមាំថែមទៀត៕សាវ៉ុន






