អភិបាលខេត្តកំពតលើកឡើងថា ការសម្រេចយកប្លង់គោលចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធមិនត្រូវធ្វើនៅលើតុឡើយ
កំពត៖ អភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីជំនាញសូរិយោដី មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវរួមសហការគ្នា ចុះពិនិត្យ និងសិក្សាឲ្យបានច្បាស់លាស់ដល់ភូមិសាស្ត្រជាក់ស្តែង មុនហ្នឹងសម្រេចកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគត។
ថ្លែងក្នុងកិច្ចប្រជុំដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្មខេត្ត ស្ដីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិតាអង្គសង្កាត់ត្រើយកោះ ក្រុងកំពត នៅព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំតបានមានប្រសាសន៍ថា ការងារវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈជាប្រព័ន្ធដើម្បី ចេញប័ណ្ណកម្មសិទ្ធដល់ប្រជាពលរដ្ឋ គឺជាការចាំបាច់ និងសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគ្រប់រូប ពិសេសងាយស្រួលក្នុងការអភិវឌ្ឍ និងប្រើប្រាស់ដីឲ្យអស់សក្ដានុពល ក៏ដូចជាងាយស្រួលក្នុងការអភិវឌ្ឍមូលដ្ឋានផងដែរ។
ឯកឧត្តមអភិបាលបានបន្តថា ពាក់ព័ន្ធការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មន្ត្រីជំនាញ និងមន្ទីររួមនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មិនអាចសម្រេចយកតាមប្លង់គូរនៅលើតុតាមគោលការរបស់ស្ថាប័ន ឬមន្ទីរខ្លួនបានទេ គឺត្រូវចុះទៅពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីធានាដល់ការកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត និងធានាដល់ការអភិវដ្ឍប្រកបដោយចីរភាពតទៅថ្ងៃមុខ ព្រោះតំបន់វិនិច្ឆ័យទាំងនោះស្ថិតនៅក្នុងក្រុង អនាគតនឹងក្លាយជាតំបន់លំនៅដ្ឋាន និងតំបន់អភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ ឯកឧត្តមបានណែនាំមន្ត្រីឲ្យចុះពិនិត្យលម្អិតឡើងវិញ។
លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពត បានលើកបញ្ជាក់ថាការកំណត់ប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹកក្នុងដំណាក់កាល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ គឺពិតជាមានលក្ខណៈពិបាកស្មុគស្មាញ មានផលប៉ះពាល់តិចតួច ប៉ុន្តែវាអាចបង្កលក្ខណៈងាយស្រួលនៅថ្ងៃខាងមុខ ហើយដើម្បីសម្រេចដំណើរការបិទផ្សាយបានដោយជោគជ័យ រដ្ឋបាលខេត្ត មន្ត្រីជំនាញ ពាក់ព័ន្ធត្រូវប្រកាន់យកផ្លូវកណ្តាល (ពលរដ្ឋ អាជ្ញាធរ និងជំនាញទទួលយកបានដូចគ្នា)។
តាមទិន្នន័យវាស់វែងក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត មាន១០៥១ក្បាលដីក្នុងនោះមានដី លំនៅឋាន ៨១៩ក្បាលដី និងដីកសិកម្ម២១៧ក្បាលដី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ធំតូចមានចំនួន ៣៩ខ្សែ៕ ដោយ សិលា សារិន