ប្រហុកនៅតែជាតម្រូវការរបស់ប្រជាជនខ្មែរ និងទីផ្សារ

ភ្នំពេញ ៖ ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ពលរដ្ឋកម្ពុជាជាច្រើនកំពុងមមាញឹកក្នុងការធ្វើត្រីប្រហុក ផ្អក នៅទីតាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល តំបន់កំពង់ប្រសាទ តំបន់ចុងកោះ និងតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំង។ សម្រាប់តម្លៃត្រីនៅទីតាំងនេះ មានតម្លៃ 4000រៀល ទៅ 4500រៀល ក្នុង1គីឡូខណៈថ្ងៃដំបូងមានតម្លៃដល់ 6500រៀល ក្នុង1គីឡូក្រាម។

ប្រជាពលរដ្ឋដែលមកពីតំបន់មួយចំនួនក្នុងខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ ដែលបានទៅធ្វើត្រីប្រហុក ផ្អក នៅទីតាំងនោះបានឱ្យដឹងថា តម្លៃត្រីប្រហុកនៅក្នុងឆ្នាំនេះថ្លៃសម្រាប់ទីតាំងដាយត្រីក្នុងដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ គឺចន្លោះពី3500 រៀល ដល់5500 រៀល ក្នុង1 គីឡូក្រាម ដែលតម្លៃនេះថ្លៃខ្ពស់ជាងឆ្នាំ2019ទ្វេដង ធ្វើឱ្យពួកគាត់ពិបាករកទិញត្រីប្រហុក មានតម្លៃខ្ពស់ មិនសូវសម្បូរ ហើយត្រីក៏មានទំហំតូច ពិបាកក្នុងការធ្វើត្រីប្រហុក ផ្អក ផងដែរ។

តម្លៃត្រីដ៏ខ្ពស់នេះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តមិនទិញត្រីធ្វើប្រហុកក្នុងវគ្គដំបូងនោះទេ ដោយពួកគេខ្លះបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញដោយដៃទទេ ដើម្បីត្រៀមប្រាក់បន្ថែមទៀតសម្រាប់ការធ្វើត្រីប្រហុកនៅវគ្គបន្ទាប់ ដែលនឹងមកដល់នៅពាក់កណ្ដាលខែមករាឆ្នាំ 2021។

បើតាមរដ្ឋបាលជលផលនៃក្រសួងកសិកម្មបានព្យាករថា ទិន្នផលត្រីប្រហុក ផ្អក នៅក្នុងឆ្នាំ2020នេះ ធ្លាក់ចុះ 31% ធៀបនឹងឆ្នាំ2019។ ទិន្នផលត្រីធ្លាក់ចុះដោយសារកម្ពស់ទឹកជំនន់ ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាប ហើយបានអូសបន្លាយជាងមួយខែ វិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប និងការប្រែប្រួលអាកាសធាតុ។
ដូច្នេះបើយើងប្រមើលមើលទៅលើរឿងធ្វើប្រហុក ផ្អកនេះបានក្លាយទៅជាប្រពៃណី ហើយជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរយើងតែងមកធ្វើប្រហុក ផ្អកក្នុងរដូវត្រីត្រូវ ព្រោះប្រហុក ផ្អកជាអាហារ ដែលខ្វះមិនបានក្នុងសម្លខ្មែរ ហើយអាចឆ្នៃបានច្រើនមុខ និងជាការពេញនិយម ចុះបើយើងធ្វើមិនបាន? តើបានអ្វីហូប?តាមពិត មិនទាន់ខ្វះនៅឡើយទេ គ្រាន់តែខ្សត់ត្រីពីឆ្នាំទៅមួយឆ្នាំ តែយើងអាចនៅមានប្រហុកហូបនៅឡើយ។ យើងទៅស្តាប់អ្នកប្រកបអាជីវកម្មត្រីប្រហុកជាបងប្អូនខ្មែរឥស្លាមវិញម្តង។

ម្ចាស់អាជីវកម្មត្រីប្រហុក ដែលមានទីតាំងស្ថិតក្នុងសង្កាត់ច្រាំងចំរេះ1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រួសារលោកស្រី ហ្វាតទីម៉ាស់ ហៅក្រៅថា ម៉ាត់យួន អាយុ54 ឆ្នាំបានប្រាប់ AMSថា តម្លៃត្រីថោក ឬថ្លៃអាស្រ័យទៅលើត្រីចាប់បានតិច ឬច្រើន។
«ចាប់ពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2020 ពេលត្រីត្រូវដំបូង ដោយមានទូកខ្លួនឯងទៅយកត្រីពីដាយ (កាលពីត្រីត្រូវក្នុងសប្តាហ៍មុនបានជាមធ្យម 3,5 តោន ក្នុងរយៈពេល24ម៉ោង)»។ នេះជាការលើកឡើងរបស់លោកម៉ាត់លី កូនប្រសាររបស់លោកស្រី ម៉ាត់យួន។

លោកបាននិយាយថា ក្នុងអំឡុងពេលនោះតម្លៃត្រីដែលគាត់ទិញពីដាយគឺក្នុងតម្លៃត្រឹមតែ3500 រៀល ទៅ400 រៀល ក្នុង1 គីឡូក្រាម។ក្នុងខ្នើតដំបូងនេះត្រីថ្លៃស្រាប់ទៅហើយ ថ្លៃជាងកាលពីឆ្នាំទៅ ដូចនេះក្នុងខ្នើតទី2 ឬទី3(ក្នុងរដូវត្រីត្រូវ) មិនសង្ឃឹមថាចុះថ្លៃនោះទេ។

លោក ម៉ាត់លី បានបន្ថែមថា៖ «ប៉ុន្តែឥឡូវនេះ ត្រីដាយចាប់បានត្រឹមតែ800 គីឡូក្រាមប៉ុណ្ណោះក្នុង1 ថ្ងៃ1យប់ ដូច្នេះតម្លៃលក់ក៏ឡើងថ្លៃខ្ពស់ទៅតាមហ្នឹងដែរ។ សម្រាប់ខ្នើតដំបូងនេះ អាជីវកម្មគាត់បានទិញត្រីមកធ្វើប្រហុកបានជិត40តោន ទាំងលក់ឱ្យពលរដ្ឋដែលមកទិញត្រីសំអាតស្រាប់(ដោយលោកមានម៉ាស៊ីនកាត់ក្បាលត្រី និងសំអាតស្រការ)។ ឯត្រីជាប្រហុកនោះមានសល់ស្តុកប្រមាណជា10តោនសម្រាប់បោះឱ្យម៉ូយតាមទីផ្សារ។សម្រាប់ត្រីប្រហុកស្តុកនេះ មិនសល់ទេ បើមាន30-40 តោនក៏នៅតែលក់អស់ដែរ ព្រោះតម្រូវការនៅតែមាន»។

លោកបានបញ្ជាក់ផងដែរថា ទោះយ៉ាងណាក៏ដោយ លោកនៅតែមានសុទិដ្ឋិនិយមទៅលើមុខរបរអាជីវកម្មត្រីប្រហុកនេះ ព្រោះបើតាមម្ចាស់អាជីវកម្មរូបនេះ ការងារនេះជាមុខរបរដែលតពីឪពុកម្ដាយរបស់លោក អស់រយៈពេលជាង10 ឆ្នាំមកហើយតែក៏ជាអជីវកម្មកម្រិតទី2 ប៉ុណ្ណោះ ហើយមានប្រមាណជាង100 អាជីវកម្មកំពុងប្រកួតប្រជែងគ្នាសព្វថ្ងៃ។ឯអាជីវកម្មបណជិត20ទៀតស្ថិតក្នុងលំដាប់ទី1កំពុងដំណើរការផងដែរ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនេះ មានការថយចុះពី 14,320តោននៅឆ្នាំ2019មកនៅត្រឹម 9,900តោននាឆ្នាំ2020នេះ។ ការធ្លាក់ចុះទិន្នផលត្រីទឹកសាបនេះ ដោយសារតែបម្រែបម្រួលកម្រិតទឹកនៅក្នុងរដូវវស្សាឆ្នាំនេះ មានកម្រិតទាបដែលមិនអំណោយផលដល់ត្រីក្នុងការបង្កបង្កើនកូន។បើទោះបីថាត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំថមថយចុះយ៉ាងណាក្តី ក៏មិនប៉ះពាល់ដល់ការធ្វើប្រហុកផ្អកនោះទេ គឺនៅតែមានបរិមាណគ្រប់គ្រាន់។

សូមជម្រាបថា ផលនេសាទក្នុងដែននេសាទនាឆ្នាំ2019មានចំនួន 326,500តោន ហើយឆ្នាំ2020 មានចំនួនប្រមាណតែ 268,តោនប៉ុណ្ណោះ។ ប៉ុន្តែផលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ30% បើប្រៀបធៀបក្នុងឆ្នាំ2019 មានចំនួន 307,408តោន និងឆ្នាំ2020នេះអាចទទួលបានចំនួន400,400តោន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner