វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ដឹកទៅដល់ប្រទេសតួកគីហើយ
តួកគី៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ចំនួន0៣លានដូសដំបូង បានដឹកជញ្ជូនមកដល់រដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគីហើយ នៅថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី លោក Fahrettin Koca បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនឹងប្រព្រឹត្តទៅ បន្ទាប់ពីការធ្វើតេស្តរយៈពេល១៤ថ្ងៃរួចរាល់ ។ លោក Fahrettin Koca បន្ថែមទៀតថា ទីក្រុងអង់ការ៉ានឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ចំនួន៥០លានដូស ខណៈដែល២០លានដូសដំបូង នឹងដឹកមកដល់តួកគីក្នុងអំឡុងពេលខែធ្នូ និងខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីរូបនេះក៏បានប្រកាសដែរថា ប្រទេសរបស់លោកក៏នឹងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNTech របស់អាល្លឺម៉ង់ រហូតដល់៣០លានដូសបន្ថែមទៀតផងដែរ ៕


