ក្រសួងយុត្តិធម៌បង្ហាញលទ្ធផលរយៈពេល២២២ថ្ងៃ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅថ្ងៃទី៣០ធ្នូឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងពាក់ពន្ធ័មួយចំនួន ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត។
ជាលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការនោះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះមានចំនួនសរុបជាង៣ម៉ឺន៥ពាន់១០០សំណុំរឿង ស្មើនឹង៨៩%នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។
បន្ថែមពីនោះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីចំនួន៣ម៉ឺន៦ពាន់៥០០សំណុំរឿង ស្មើនឹង៧៣%នៃសំណុំរឿងចូលថ្មីសរុប។ ជាមួយនឹងលទ្ធផលនោះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន១០បន្ថែមទៀត រួមមានខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរុបចំនួន១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន២៤ បានប្រកាសបញ្ចប់ដោយជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួន ដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះបានយ៉ាងតិច៩៥% និងសំណុំរឿងដែលចូលថ្មីយ៉ាងតិច៧០%។ តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងត្រូវប្រើរយៈពេល១ឆ្នាំ ដោយចាប់ផ្ដើមគិតពីថ្ងៃប្រកាសយុទ្ធនាការ កាលពីថ្ងៃទី១៨ឧសភាឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងទី១៧ឧសភាឆ្នាំ២០២០។
















