អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅតំបន់មជ្ឈឹមបូពា៌

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិកបានធ្វើការហោះហើរនូវយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅដល់តំបន់មជ្ឈឹមបូពា៌តាំងតែពីថ្ងៃពុធម្សិលមិញដែលអាមេរិកបានហៅវាថាជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាការត្រៀមខ្លួនក្នុងការវាយប្រហារភ្លាមៗណាមួយ។

ប្រភពដដែលបានសរសេរថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះត្រូវបានបញ្ជូនត្រង់ពីទឹកដីអាមេរិក ហើយវត្តមានរបស់ B-52 នៅទឹកដីមជ្ឈឹមបូពា៌លើកនេះគឺធ្វើឡើងនៅចំពេលដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ព្រមទាំងកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចការព្រួយបារម្ភអំពីការវាយប្រហារណាមួយដែលអាចកើតឡើងនៅចំថ្ងៃខួប មួយឆ្នាំនៃការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់មេបញ្ជាការកំពូលរបស់អ៊ីរ់ង់លោក Qasem Soleimani កាលពីមួយឆ្នាំមុន។

មេបញ្ជាការទ័ពអាមេរិក លោក Frank McKenzie បាននិយាយថា៖អាមេរិកនឹងនៅតែបន្តការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនក៏ដូចជាការត្រៀមទុកជាមុននៅក្នុងទីតាំងបញ្ជាការកណ្តាលរបស់ខ្លួននៅក្នុងតំបន់មជ្ឈឹមបូពា៌ដើម្បីធ្វើយ៉ាងណាអាចធានាបានថាបានរៀបចំខ្លួនរួចជាស្រេចក្នុងការពារពីការវាយប្រហារដោយកំរោលណាមួយប្រឆាំងនឹងពលរដ្ឋអាមេរិក ឬប្រយោជន៍របស់អាមេរិក។

គួរឲ្យដឹងដែរថាជើងហោះហើរ B-52 កាលពីយប់ថ្ងៃពុធម្សិលមិញនេះគឺជាជើងហោះហើរនៃយន្តលើកទី 3 ហើយក្នុងអំឡុងពេល 45 ថ្ងៃចុងក្រោយទៅកាន់តំបន់មជ្ឈឹមបូពា៌៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner