ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស.ស.យ.ក. ខេត្តបាត់ដំបង
ភ្នំពេញ ៖ ឯកឧត្ដម សសុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង តាមរយៈវីដេអូ Conference នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនេះ ឯកឧត្ដម ស សុខា បានសម្ដែងការកោតសរសើរ និងវាយតម្លៃចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នៃក្រុមគ្រួសារ ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានចំណាយថវិកា ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិទឹកជំនន់។
ឯកឧត្តម ស សុខា បានសូមឱ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង សមាជិក សមាជិកា និងក្រុមការងារចុះជួយ នៃក្រុមគ្រួសារ ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ បន្តកិច្ចការមនុស្សធម៌របស់ខ្លួន ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។ ក្នុងនោះដែរ ក៏បានស្នើបន្ថែមថា ៖
១. បន្តចូលរួមផ្សព្វផ្សាយនូវសារអប់រំអំពីវិធានអនាម័យ របស់ក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការរីករាលដាល នៃជំងឺកូវីដ-១៩ ។
២. បំផុសឲ្យប្រជាពលរដ្ឋ បង្កើនការដាំដុះបន្លែ ដំណាំរួមផ្សំ និងផលិតផលកសិកម្មនានា សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ កាត់បន្ថយចំណាយ និងការនាំចូលផលិតផលបរទេសដែលមានជាតិគីមី ។
៣. ជួយផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋ ចំណាកស្រុក ទៅធ្វើការងារនៅប្រទេសជិតខាង ពិសេសប្រទេសថៃ ក្នុងអំឡុងពេលនេះ ព្រោះនៅទីនោះអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ។
៤. បន្តចុះធ្វើសកម្មភាពនានា ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់យុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចភ្លៀងរលឹម ។
៥. បង្កើនការយកចិត្តទុកដាក់ និងដាក់បញ្ចូលក្នុងផែនការការងារឆ្នាំ២០២១ របស់ខ្លួនដូចជា ៖ កីឡា ច្បាប់ចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង អនាម័យ បរិស្ថាន ។ល៕ ដោយ ប៊ុនធី និងវណ្ណលុក