វៀតណាមសម្រេចទិញវ៉ាក់សាំងរបស់អង់គ្លេសចំនួន 30 លានដូស និងកំពុងចរចាវ៉ាក់សាំងផ្សេងទៀត

បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយនៅព្រឹកថ្ងៃចន្ទនេះ រដ្ឋាភិបាលក្រុងហាណូយបានបញ្ជាក់ថាខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការហើយក្នុងការទិញយកកញ្ចប់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca Plc, ប្រមាណជា 30 លានដូស និងកំពុងបន្តចរចាជាមួយក្រុមហ៊ុនផ្សេងទៀតផងដែរដូចជា Pfizer Inc. ដើម្បីបន្ថែមចំនួនវ៉ាក់សាំងប្រើប្រាស់ក្នុងប្រទេស។

ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះកាលពីគ្រាមុនធ្លាប់បានពិចារណាក្នុងការទិញយកវ៉ាក់សាំងរបស់រុស្សី ប៉ុន្តែក្រោយពីពិភាក្សាថ្នាក់ដឹកនាំរបស់ខ្លួនរួចមកក៏សម្រេចជ្រើសរើសវ៉ាក់សាំងរបស់អង់គ្លេសវិញ។

AstraZeneca គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់សកលវិទ្យាល័យអង់គ្លេស Oxfordនិងត្រូវបានគេជឿជាក់ថាមានតម្លៃធូរថ្លៃជាងគេបើធៀបទៅនឹងវ៉ាក់សាំងផ្សេងទៀត ជាពិសេសមានភាពងាយស្រួលក្នុងការរក្សាទុក ក៏ដូចជាការដឹកជញ្ជូនផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong បានថ្លែងនៅក្នុងកិច្ចប្រជុំថា ៖ «ពួកយើងបានចុះហត្ថលេខារួចរាល់ហើយដើម្បីធានាថាអាចឲ្យពលរដ្ឋរបស់វៀតណាមចំនួន 15 លាននាក់អាចទទួលបានវ៉ាក់សាំងរបស់ AstraZeneca ហើយយើងក៏កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតដូចជា Pfizer
របស់អាមេរិក និង Sputnik V របស់រុស្សី រួមជាមួយនឹងវ៉ាក់សាំងរបស់ចិនផងដែរ។

លោក Cuong ក៏បានបញ្ជាក់ដែរថា វៀតណាម បានទទួលសិទ្ធិផងដែរក្នុងការបញ្ជាទិញវ៉ាក់សាំងពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO ដែលមានទំហំប្រមាណជា 16 ភាគរយនៃពលរដ្ឋរបស់ខ្លួន ឬអាចចាក់ទៅលើមនុស្សប្រមាណជា 15.6 លាននាក់ ប៉ុន្តែជឿជាក់ថាព័ត៌មានលំអិតនឹងអាចធ្វើឡើងនៅក្នុងត្រីមាសទី1 ខាងមុខនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner