ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥២៧ករណីទៀត ភាគច្រើនជាពលករចំណាកស្រុក
ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លង Covid-19 ថ្មីៗចំនួន៥២៧ករណីបន្ថែមទៀត ហើយលើកលែងតែ០៦នាក់ចេញ នៅសល់ពីនេះជាករណីឆ្លងនៅក្នុងស្រុកទាំងអស់ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។
បើបូកបញ្ចូលទាំងករណីឆ្លងខាងលើនេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លង Covid-19 សរុបកើនឡើងដល់៨ពាន់៩៦៦ករណី ចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះឡើងនៅថៃកាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ។ ទន្ទឹមនឹងរបាយការណ៍នេះដែរ មិនមានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍ទេ ពោលគឺមានចំនួន៦៥នាក់ដដែល ។
ករណីបន្ថែមនៅថ្ងៃអង្គារនេះ គឺតិចជាងករណីឆ្លងថ្មីចំនួន៧៤៥ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃចន្ទម្សិលមិញ ខណៈចំនួននេះគឺមានជាង៥០០ករណីនៅក្នុងខេត្ត សាមុត សាខន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងចុងក្រោយបង្អស់ ៕

