មន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើងវាយក្បាលសន្តិសុខ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ
កណ្តាល៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើងវាយក្បាលសន្តិសុខ ដល់តុលាការហើយ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយលេចឮព័ត៌មានថា កំពុងមានអ្នកអន្តរាគមន៍ ដោះលែង ផងដែរ ខណៈជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
គួររំលឹកថា អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និង ជាមន្ត្រីយោធាពាក់ផ្កាយ១ ។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ រងរបួសបែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក១កន្លែង និង ដេរអស់៣ថ្នេរ ។ វត្ថុតាងចាប់យក រួមមានអាវុធខ្លីមួយដើមម៉ាក CF98 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅ គ្លីនិក សុខ ម៉េង ។ នៅពេលយាមដល់ម៉ោងប្រហែល៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា «ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ» ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ខណៈនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះចំនួន៣ពាន់រៀល ហើយជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួន៣ពាន់រៀល ហើយមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ ។
លុះដល់ម៉ោង៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួន១គូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិករបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក ។ រហូតដល់ម៉ោង៨យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យ បានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិក តែមិនឃើញមកសោះ ទើបជនសង្ស័យ ខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ វិញទៅ។ រហូតដល់ម៉ោង១២រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិក មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិក ឃើញជនរងគ្រោះឈរនៅមុខ ក៏ដកកាំភ្លើងខ្លីពីចង្កេះខោ មកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ ។ ចំណែកជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួស និងដេរចំនួន៣ថ្នេរ។ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ ដើម្បីលួចស្បែកជើងរបស់ខ្លួន ។
គួរបញ្ជាក់ដែរថា តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថា មានមនុស្សប្រុសម្នាក់ បានមកហុចលុយឱ្យជនរងគ្រោះ ប្រាកដមែន ៕ដោយប៊ុនធី