បទសម្ភាសន៍របស់ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ» ជាមួយអ្នកយកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យ និងទូរទស្សន៍អប្សរា
លោក លន់ សារ៉ាត់៖ ដើម្បីចូលរួមអបអរសាទរបុណ្យខួបលើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១) និងជាការចងចាំដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសចាប់ពីចំណុចសូន្យ តាមមាគាប្រជាធិបតេយ្យសិរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ នាំយកសុខសន្តិភាព និងវឌ្ឍនភាពជឿនលឿនជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា បានជួបសម្ភាសន៍ជាមួយ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ»។តើគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមបង្កើតឡើងដូចម្តេច?
ឯកឧត្តម តាក ស៊ុនអ៊ី៖-គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដំបូងថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ។
-ប្រភពនៃការកកើតរបស់គណបក្សប្រជាជនកម្ពុជា គឺចលនាតស៊ូដើម្បីឯករាជ្យជាតិរបស់ ប្រជាជនកម្ពុជា ប្រឆាំងអាណានិគមនិយមបារាំងដែលបានចូលមកឈ្លានពានដាក់នឹមត្រួត ត្រាលើប្រជាជនកម្ពុជាតាំងពីឆ្នាំ ១៨៦៣ មក ។
-ចលនាតស៊ូស្នេហាជាតិនេះបានរីកចម្រើនខ្លាំងក្លា ឈានទៅបង្កើតបានគណៈកម្មាធិការ រំដោះជាតិនៅតាមបណ្តាភូមិភាគក្នុងផ្ទៃប្រទេស និងបានដាក់ចេញសំណូមពរចាំបាច់ក្នុង ការបង្កើតបក្សនយោបាយមួយ ដើម្បីពង្រឹងការឯកភាពកម្លាំងតស៊ូ និងដឹកនាការតស៊ូឆ្ពោះទៅ រកជ័យជំនះទាំងស្រុង ។ គឺលើមូលដ្ឋាននេះហើយដែលបក្សប្រជាជនបដិវត្តន៍ខ្មែរត្រូវ បានបង្កើតឡើង ។
-ចាប់ពីពេលបានបដិសន្ធិឡើង គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គោលបំណង និងឧត្តមគតិរបស់គណបក្សនេះ ត្រូវបានចារឹកនៅក្រោមរូបសញ្ញាគណបក្សបច្ចុប្បន្ន និងត្រូវបានថែរក្សាពូនជ្រុំគ្រប់ជំនាន់ទៅមុខទៀត ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន ។
លោក លន់ សារ៉ាត់៖ តើគណបក្សប្រជាជនកម្ពុជា បានរីកចម្រើនធំធាត់ដូចម្តេចក្នុងចលនាទាមទារ ឯករាជ្យជូនជាតិមាតុភូមិ?
ឯកឧត្តម តាក ស៊ុនអ៊ី៖-គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាប្រជាជនតស៊ូ ដោយសាមគ្គីជិតស្និទ្ធជាមួយ ចលនាតស៊ូរបស់ប្រជាជនវៀតណាម និងចលនាតស៊ូរបស់ប្រជាជនឡាវ ដែលមានគោលបំណងដូចគ្នាក្នុងការប្រយុទ្ធប្រឈាំងពួកអាណានិគមនិយមបារាំង ដែលជាសត្រូវរួមបានមកឈ្លានពានត្រួតត្រាប្រទេសទាំងបីនៅជ្រោយឥណ្ឌូចិន។
-ពីឆ្នាំ ១៩៥១-១៩៥៣ គណបក្សបានដឹកនាំការប្រយុទ្ធយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិ ទូទាំង ប្រទេស សម្រេចបានជោគជ័យយ៉ាងធំ គួបផ្សំនឹងជ័យជម្នះរបស់ប្រជាជនវៀតណាម និង ប្រជាជនឡាវទៀតនោះ បានធ្វើឲ្យអាណានិគមនិយមបារាំងចុះខ្សោយយ៉ាងខ្លាំងនៅលើ សមរភូមិឥណ្ឌូចិន ។
-នៅកម្ពុជាយើង ជ័យជម្នះរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរួមវិភាគទានយ៉ាងធំធេងដល់ព្ររាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យបារាំងត្រូវ យល់ព្រមប្រគល់ឯករាជ្យដល់កម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាប្រវត្តិសាស្ត្រ ។
-ក្រោយប្រទេសបានឯករាជ្យគណបក្សបានបន្តធ្វើសកម្មភាពនយោបាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសចលនាមហាជនប្រជាជនយ៉ាងមានប្រសិទ្ធភាព រួមចំណែកដ៍សកម្មដល់ការការពារឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹតភាពរបស់កម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បណ្តាប្រទេសអនុភាពប្រតិកិរិយាពីខាងក្រៅ ប្រឆាំងនឹងអំពើវិទ្ធស្សនា និងការអូសទាញ កម្ពុជាឲ្យចូលរួមក្នុងសន្ធិសញ្ញាយោធាណាមួយ ដែលនឹងធ្វើឲ្យកម្ពុជាត្រូវបាត់បង់អព្យាក្រឹតភាព។ ជាមួយនោះ គណបក្សក៍បានជំរុញយ៉ាងខ្លាំងក្នុងការតស៊ូដើម្បីលើកស្ទួយសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងជីវភាពរស់នៅរបស់ប្រជាជន។ ប្រការទាំងនេះបានរួមចំណែកយ៉ាងធំធេង ធ្វើឲ្យប្រទេសជាតិរក្សាបានសុខសន្តិភាព ពង្រឹង បានឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនរហូតមានឈ្មោះថា«កម្ពុជាជាកោះសន្តិភាព»។
លោក លន់ សារ៉ាត់៖ តើរបបប្រល័យពូជសាសន៍កើតចេញពីណា? ហេតុអ្វីបានជាពួកនេះកាន់អំណាច នៅកម្ពុជា?
ឯកឧត្តម តាក ស៊ុនអ៊ី៖-របបប្រល័យពូជសាសន៍កើតចេញពីការដឹកនាំដ៍អាក្រក់បំផុតរបស់ពួកប៉ុល ពត។ តើអ្វីទៅជាការដឹកនាំដ៍អាក្រក់បំផុតរបស់ពួកប៉ុល ពត?
មុននឹងឆ្លើយនឹងសំណួរនេះ ខ្ញុំសូមរំលឹកអំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលបង្ហាញនូវភាពបត់បែន ស្មុគស្មាញបំផុត និងប្រកបដោយមហន្តរាយនៃប្រវត្តិសាស្ត្រជាតិយើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
-បន្ទាប់ពីពួក លន់ នល់ ដែលមានការគាំទ្រពីពួកអមិត្តខាងក្រៅ បានធ្វើរដ្ឋប្រហារសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបានរុញច្រានប្រទេសទាំងមូលឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាមនោះ គណបក្សបានបន្តដឹកនាំធ្វើការតស៊ូយ៉ាងប្តូរផ្តាច់នៅក្នុងមហាចលនានៃរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រធាន ដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានរបស់បរទេសនិងពីការត្រួតត្រានៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ ដែលកើតចេញពីរដ្ឋប្រហារ។
-ចលនារំដោះជាតិនៅពេលនោះ ដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនកម្ពុជាគ្រប់ ស្រទាប់ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស និងក្រៅប្រទេស ព្រមទាំងមានកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយចលនា តស៊ូរំដោះជាតិវៀតណាម និងចលនាតស៊ូរំដោះជាតិឡាវ ហើយទទួល បានការគាំទ្រពីកម្លាំងជឿនលឿន ស្នេហាសន្តិភាព និងយុត្តិធម៌លើពីភពលោក បានពង្រីក ខ្លួនយ៉ាងឆាប់រហ័សនិងស្ថិតក្នុងប្រៀបវាយសម្រុកយ៉ាងខ្លាំងក្លារហូតរំដោះប្រទេសជាតិបានទាំងស្រុង នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥។
-ពេលប្រទេសជាតិត្រូវបានរំដោះហើយ គួរណាស់ប្រជាជនកម្ពុជាបានរស់នៅដោយសប្បាយ ក្នុងសន្តិភាព រួបរួមសាមគ្គីគ្នា ការពារ ស្តារកសាងមាតុភូមិឲ្យឆាប់រីកចម្រើនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ ពួក ប៉ុល ពត បានបង្ហាញចេញមុខមាត់ក្បត់ដោយចំហ ប្លន់យកទាំងស្រុងសមិទ្ធ ផលនែការតស៊ូរបស់ប្រជាជនក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ប្រកាសចេញ មុខនូវបក្សកុម្មុយនីស្តកម្ពុជារបស់ពួកវា ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៍សា ហាវយង់ឃ្នងបំផុត ធ្វើឲ្យកម្ពុជាទាំងមូលប្រែក្លាយជាគុកឥជញ្ជាំង និងជាវាលពិឃាត បង្កជា វិនាសកម្មដែលពុំថ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ រុញច្រានប្រជាជាតិខ្មែរឲ្យធ្លាក់ទៅក្នុងសមុទ្រឈាម និងទឹកភ្នែកដែលពុំអាចពណ៌នាអស់បានឡើយ ។ ឯបក្សប្រជាជនបដិវត្តន៍ខ្មែរ ដ៍បរិសុទ្ធនៅពេលនោះត្រូវបានបំផ្លាញដល់ឬសគល់ទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។
មកដល់ត្រង់នេះខ្ញុំសូមឆ្លើយនឹងសំណួរដែលបានលើកខាងលើនោះថា៖
-នយោបាយប្រតិកិយារបស់ ប៉ុល ពត ដែលឈរលើមនោគមវិជ្ជាជ្រុលនិយម និងការប្រកាន់ យកសកម្មភាពបែបនិយមជ្រុល បានដឹកនាំប្រទេសឲ្យដើរថយក្រោយតាមមាគ៌ាមួយដែលមិនស្របជាមួយក្រឹតក្រមអភិវឌ្ឍន៍សង្គម ជាការដឹកនាំដែលក្បត់នឹងប្រយោជន៍ជាតិនិងផ្ទុយពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនទាំងស្រុង ។ របបនយោបាយប្រតិកិយាបែបនេះមិនអាចមានជីវិតយូរអង្វែងឡើយ ។
-នៅក្នុងសៀវភៅ «១៣ ទសវត្សរ៍នៃដំណើរកម្ពុជា» ដែលជាស្នាដៃនិពន្ធដ៍ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានបង្ហាញថា ប៉ុល ពត មានអង្គការចាត់តាំងក្បត់ដោយឡែក និងមានមាគ៌ាដោយឡែកមួយ ស្ថិតក្នុចលនាបដិវត្តន៍ដែលដឹកនាំដោយបក្សប្រជាជនបដិវត្តន៍ខ្មែរ ប្រើប្រាស់ចលនាតស៊ូបដិវត្តន៍ផង និងកម្ចាត់ផង ដណ្តើមអំណាចផ្តាច់មុខឲ្យអង្គការចាត់តាំងក្បត់របស់ពួកវា។ អាស្រ័យហេតុនេះ បានជាជ័យជម្នះនៃចលនាតស៊ូរំដោះជាតិនៅថ្ងៃ ១៧ មេសា១៩៧៥ ត្រូវបញ្ចប់ទៅវិញដោយអំពើក្បត់។
លោក លន់ សារ៉ាត់៖ តើឯកឧត្តម មានចំណាប់អារម្មណ៍ ដូចម្តេចចំពោះស្មារតី៧មករា ថ្ងៃជ័យជម្នះជា ប្រវត្តិសាស្ត្ររំដោះកម្ពុជា និងសង្គ្រោះជីវិតរបស់ប្រជាជនកម្ពុជា?
ឯកឧត្តម តាក ស៊ុនអ៊ី៖-នៅក្នុងកាលៈទេសៈដ៍ធ្ងន់ធ្ងរបំផុតដែលប្រជាជនកំពុងរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះមានចលនាផ្តាច់ខ្លួននិងប្រឆាំងប្រឆាំងរបបប៉ុល ពត របស់កម្មាភិបាល បក្ខជន យុទ្ធជនដ៍បរិសុទ្ធនៃបក្សប្រជាជនបដិវត្តន៍ខ្មែរដែលនៅសេសសល់ពីការកាប់ សម្លាប់បានកើតមានជាបន្តបន្ទាប់ក្រោមរូបភាពជាបុគ្គល ជាពួក ជាក្រុម។ ជាពិសេសការភៀសខ្លួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅប្រទេសវៀតណាម ថ្ងៃទី ២០ មិថុនា ១៩៧៧ ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ ការក្រោកឈររបស់កម្មាភិបាល កងទ័ព និងប្រជាជននៅភូមិភាគបូព៌ា ប្រឆាំងនឹងប៉ុល ពត ថ្ងៃទី២៥ ឧសភា ១៩៧៨ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម គួបផ្សំនឹងចលនាតស៊ូផ្សេងៗទៀត ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនទៅប្រទេសវៀតណាម និងឡាវ បានក្លាយជាមូលដ្ឋាននៃកម្លាំងតស៊ូដើម្បីសង្គ្រោះជាតិពីរបបប្រល័យសាសន៍។
-លើមូលដ្ឋានការឯកភាពកម្លាំងទាំងនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើត ឡើងនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញនូវសេចក្តីថ្លែងការណ៍ ១១ «ខ» របស់ខ្លួន ពីតំបន់រំដោះក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលបានបើកឡើងនូវដំណាក់កាលជាប្រវត្តិសាស្ត្រ ថ្មីនៃ ការរីកចម្រើនរបស់បដិវត្តន៍កម្ពុជា។ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនយើង គ្រប់ទិសទីបានក្រោកឈរឡើងយ៉ាងអង់អាចរួបរួមគ្នាជាមហាកម្លាំង ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ដោយទទួលបានការជួយឧបត្ថម្ភដ៍ធំធេងពីកងទ័ពស្ម័គ្រចិត្ត វៀតណាម និងការគាំទ្រពីប្រជាជនស្នេហាសន្តិភាព និងយុត្តិធ៌មលើសកលលោក រហូតទទួលបានជ័យ ជម្នះត្រចះត្រចង់ជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។
-ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ដែលនៅសេសសល់ពីការ កាប់សម្លាប់បានទាន់ពេលវេលា។ កម្ពុជាបានបិទទំព័រសករាជដ៍ខ្មៅងងឹតរបស់ខ្លួនហើយបើកឡើងនូវទំព័រសករាជថ្មី គឺ សករាជ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។ ប្រជាជនកម្ពុជាដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងក្លាយជាម្ចាស់ទឹក ម្ចាស់ដី និង ជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ ព្រមជាមួយនេះ ជ័យជម្នះ ៧ មករា បានរួម វិភាគទានយ៉ាងធំធេងចំពោះការថែរក្សាសន្តីភាព និងសន្តិសុខក្នុងតំបន់ ។
-គឺចាប់ផ្តើមពីថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ នេះហើយ ដែលប្រជាជនយើងបានជ្រោងទង់ សាមគ្គីជាតិ រួមគ្នាការពារការរស់រានមានជីវិតរបស់ខ្លួន ពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីស្តារ កសាង និងអភិវឌ្ឍមាតុភូមិខ្លួនពីគំនរផេះផង់ឲ្យមានការផ្លាស់ប្តូររីកចម្រើនជាជំហានៗរហូត មកដល់បច្ចុប្បន្ននេះ ។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថា« ថ្ងៃកំណើត ទី២របស់ខ្លួន បើគ្មានជ័យជម្នះ៧មករា យើងទាំងអស់គ្នាពិតជាគ្មានជីវិត និងគ្មានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះឡើយ»។ នេះជាសច្ចធម៌ដែលគ្មានបុគ្គលណាឬអានុភាពណាមកបំភ្លៃ បំផ្លើស ឬបំផ្លាញបានឡើយ។ ដូច្នេះជ័យជម្នះ៧មករា ជារបស់ខ្មែរយើងទាំងអស់គ្នា ជ័យជម្នះ ៧មករា មិនមែនជាសត្រូវរបស់អ្នកណាមួយឡើយ គឺមានតែជនអគតិដែលនៅគាំទ្ររបបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលធ្វើជាសត្រូវនឹងជ័យជម្នះ៧មករា។
លោក លន់ សារ៉ាត់៖ តើយុវជនត្រូវចងចាំ ស្វែងយល់ពីស្មារតី៧មករាដែរឬទេ ? ព្រោះអ្វី ?
ឯកឧត្តម តាក ស៊ុនអ៊ី៖-ដូចបានបញ្ជាក់ខាងលើហើយថា ជ័យជម្នះ ៧ មករា មានអត្ថន័យប្រវត្តិសាស្ត្រដ៍ធំធេង មិនមែនសម្រាប់តែអតីតកាល(៤២ឆ្នាំ)កន្លងទៅនោះទេ តែទាំងបច្ចុប្បន្ននិងតទៅមុខទៀត ជារៀងរហូត។ មានជ័យជម្នះ ៧ មករា ទើបយើងមានអ្វីៗនៅថ្ងៃនេះ និងមានអ្វីៗតទៅ អនាគតទៀត។ ប៉ុន្តែ យើងក៍គប្បីពិចារណាថាសច្ចធម៌នេះពុំអាចឋិតឋេរគង់វង្សដោយខ្លួនឯង បានទេគឺអាចស្ថិតស្ថេរគង់វង្សបានតែតាមរយៈសកម្មភាពប្រកបដោយសតិសម្បជញ្ញៈរបស់មនុស្ស ប៉ុណ្ណោះ ។
-ក្នុងន័យនេះ យុវជនដែលជាសសរទ្រូង និងជាអនាគតរបស់ជាតិមានកាតព្វកិច្ច មានការទ ទួលខុសត្រូវ និងមានការស្ម័គ្រចិត្តប្រកបដោយវិចារណញ្ញាណក្នុងការថែរក្សាពូនជ្រំស្មារតីជ័យជម្នះ៧មករា ឲ្យបានគង់វង្ស ភ្លឺចែងចាំងជានិច្ចនៅក្នុងការចងចាំរបស់ខ្លួន នោះទើបអាច ការពារប្រទេសជាតិយើងមិនឲ្យវិលត្រឡប់ទៅរកដានប្រវត្តិសាស្ត្រពីអតីតកាលដែលពោរ ពេញដោយការឈឺចាប់ ការវិនាសបាត់បង់និងសោកនាដកម្មបាន ។
-ប្រាកដណាស់ថាប្រជាជាតិមួយដែលពុំបានយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្ររបស់ខ្លួន មិន បានរៀនសូត្រមេរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួន ឬមិនខ្វល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន នោះគឺមិនអាចការពារ និងអភិវឌ្ឍខ្លួនបានឡើយ ។
-ដូច្នេះតើអ្វីទៅជាស្មារតី៧មករា ដែលយើងគប្បីចងចាំនោះ?
ស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ »។ ស្មារតី៧មករា ក្រើនរំលឹកយើង មិនឲ្យភ្លេចការឈឺចាប់ពីអតីតកាល ធ្វើឲ្យយើងត្រូវរួមសាមគ្គី គ្នាជាធ្លុងមួយ ប្តូរផ្តាច់ថែរក្សា រាល់សមិទ្ធផលសង្គមជាតិ និងធ្វើឲ្យយើងបន្តពុះពារជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមទាំងឡាយ ប្រកបដោយភាពជឿជាក់ ដើម្បីការស្ថិតស្ថេរ និងរីកចម្រើននៃមាតុភូមិដ៍កម្សត់របស់យើង។ សរុបមកស្មារតី៧មករា មានគុណតម្លៃ មិនអាចសាបសូន្យបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី និងវឌ្ឍនភាពសង្គម ។
លោក លន់ សារ៉ាត់៖ តើមូលហេតុអ្វី កម្ពុជាបានទទួលការកសាង និងអភិវឌ្ឍហើយហេតុ ដូចម្តេច បានជាត្រូវការសន្តិភាព ? តើកត្តាសន្តិភាពបានផ្តល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?
ឯកឧត្តម តាក ស៊ុនអ៊ី៖-ក្នុងតថភាព នៅពេលដែលកំពុងស្ថិតក្នុងបរិការណ៍ប្រកបដោយភាពវិជ្ជមាន មានអ្នកខ្លះពុំបានពិចារណា ស្វែងយល់ឲ្យបានត្រឹមត្រូវអំពីហេតុនិងផល និងចំណងទាក់ទងរវាងហេតុ និង ផលនេះទេ ម៉្លោះហើយគេបានផ្តាច់ចេញពីគ្នានូវដំណើរវិវត្តន៍ទាំងពីរ ធ្វើឲ្យគេមិនអាចយល់បានថាផលវិជ្ជមានមួយវាកើតពីហេតុដូចម្តេច ហើយហេតុមួយវានាំទៅដល់ផលបែបណា។ តាមរយៈនេះនឹងធ្វើឲ្យគេបាត់ការប្រុងប្រយ័ត្ន ដែលជាហេតុនាំទៅរកផលអវិជ្ជមានវិញ។ ក្នុងន័យនេះ ក្នុងពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយើងបានឃើញនូវទស្សនៈខ្លះ ដែល ផ្តោតសំខាន់តែលើការអភិវឌ្ឍដោយមើលស្រាលសន្តិភាព គិតថាសន្តិភាពមានហើយ ចាំបាច់អីនិយាយច្រើនពីសន្តិភាពទៀត។ ទស្សនៈនេះបង្កការគំរាមកំហែងទាំងចំពោះចីរភាពនៃ សន្តិភាព ទាំងចំពោះចីរភាពនៃការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះការបន្តសកម្មភាពទុច្ចរិតរបស់ ក្រុមអ្នកប្រឆាំងជ្រុលនិយមមួយចំនួនបច្ចុប្បន្នក៍នៅតែបង្កការគំរាមកំហែងចំពោះសន្តិភាពនៅឡើយ។
-គួររំលឹកថា ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៣ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ កម្ពុជាស្ថិតក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង គឺជាសង្គ្រាមដ៍រ៉ាំរ៉ៃដែលបានអូសបន្លាយតាំងពីឆ្នាំ១៩៧០មក។ កិច្ចប្រតិបត្តិការរបស់ UNTAC ក្នុងក្របខណ្ឌអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ ២៣.តុលា.១៩៩១ ពុំអាចបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាឡើយ។ បន្ទាប់ពីការចាកចេញ របស់ UNTAC កម្ពុជានៅតែមានតំបន់ត្រួតត្រា២ រដ្ឋាភិបាល២ និងកម្លាំងប្រដាប់អាវុធ២ ពួក ឧទ្ទាមខ្មែរក្រហមនៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញសង្គមជាតិ សំដៅវិលត្រឡប់មកកាន់អំណាចវិញ តាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក។ នៅក្នុងកាលៈទេសៈនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និង យុទ្ធសាស្ត្រ DIFID ប្រកបដោយជោគជ័យដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងរបស់ពួកឧទ្ទាមខ្មែរក្រហម ទាំងខាងនយោបាយ និងយោធា នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុងជាលើកដំបូង ចាប់ពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក ។
-រយៈពេល ២២ឆ្នាំមកនេះ ក្រោមពន្លឺសន្តិភាព ប្រជាជនយើងបានរស់នៅយ៉ាងសុខដុមរមនា។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ច ខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ភាពក្រីក្រ ត្រូវបានកាត់បន្ថយមកនៅរង្វង់១០% ចំណូលមធ្យមសម្រាប់ប្រជាជនម្នាក់បានកើនពី ២៨៨ ដុល្លារ នៅឆ្នាំ២០០០ ដល់ ១ ៦៨៣ ដុល្លារ នៅឆ្នាំ២០២០ មូលដ្ឋានសេដ្ឋកិច្ចកាន់តែត្រូវបានពង្រឹង ពង្រីកឡើង ពាណិជ្ជកម្ម និងវិនិយោគមានកំណើនយ៉ាងខ្លាំង វិស័យវប្បធម៌ អប់រំ សង្គមកិច្ច សុខាភិបាល សុទ្ធតែមានជំហានអភិវឌ្ឍយ៉ាងស្វាហាប់ ។ កម្ពុជាបានងើបឈរឡើងវិញជាប្រ ជាជាតិមួយស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិទាំងក្នុងតំបន់ក៍ដូចជាពិភពលោក។
សរុបមកសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សន្តិភាពនិងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ បើគ្មានសន្តិភាព គឺមិនអាចអភិវឌ្ឍបានទេ គ្មានសន្តិភាពក៍ពុំអាចនិយាយដល់ភាពលូតលាស់រឹងមាំនៃប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដែរ។ ត្រឡប់មកវិញ ការអភិវឌ្ឍដ៍ខ្លាំងក្លានឹងធ្វើឲ្យសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពកាន់តែរឹងមាំ។ នេះជាចំណងទាក់ទង មិនអាចកាត់ផ្តាច់ពីគ្នាបានរវាងសន្តិភាព និង ការអភិវឌ្ឍ។
-ប្រជាជនកម្ពុជាស្អប់សង្គ្រាម ប្រជាជនត្រូវការការរស់នៅដ៍សុខសាន្ត សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងជាតិទាំងមូល ។
-ប្រជាជន ត្រូវការអភិវឌ្ឍ និងកាលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។
-ប្រជាជនចង់បានកម្ពុជាមួយដែលមានភាពរឹងមាំខាងសេដ្ឋកិច្ច ទាំងខាងវប្បធម៌និងស្មារតី។
-ប្រជាជនចង់ឲ្យកម្ពុជារីកចម្រើន ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកប ដោយអារ្យធម៌ និងក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត ។
ក្នុងន័យនេះហើយដែលប្រយោគ«អរគុណសន្តិភាព» បានក្លាយជាពាក្យស្លោកដ៍មានប្រជាប្រិយភាពបំផុតរបស់ប្រជាជនយើង ជានិមិត្តរូបនៃការសាទរយ៉ាងក្លៀវក្លាចំពោះ សមិទ្ធផល នៃសង្គមជាតិដែលសម្រេចបានមកដល់ពេលនេះនិងក្តីសង្ឃឹមចំពោះអនាគតជានិមិត្តរូបនៃការដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាពនិងវរជនទាំងឡាយដែលបានតស៊ូលះបង់ ដើម្បីសន្តិភាព។
យើងជាខ្មែរទាំងអស់គ្នាស្រឡាញ់សន្តិភាព គឺមានតែពួកភេរវជនប៉ុណ្ណោះដែលមិនត្រូវការសន្តិភាព យើងនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសន្តិភាពរបស់យើងដែលរកបានមកដោយលំបាកបំផុតនេះឲ្យកាន់តែរឹងមាំ គង់វង្ស ស្ថិតស្ថេរ ទោះជាត្រូវបង់ដោយតម្លៃណាក៍ដោយ៕