គិតមកដល់ដើមខែមករាអង្គភាពប្រឆាំងអំពើពុករលួយទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល៥៦ភាគរយ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី៤ខែមករាឆ្នាំ ២០២១នេះអង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលតាមរបប២ឆ្នាំបាន៥៦ភាគរយនៃចំនួនដែលត្រូវប្រកាស ហើយនៅសល់ប្រមាណ៤៤ភាគរយទៀតនឹងត្រូវបញ្ចប់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចប្រជុំលើកទី ៥អាណត្តិទី៣នៅថ្ងៃទី៥ខែមករាឆ្នាំ២០២១បានឱ្យដឹងថាបើគិតមកដល់ពេលនេះដែរគឺមានក្រសួង-ស្ថាប័នចំនួន១(គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)និងខេត្តចំនួន៧(ឧត្តរមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ កំពង់ចាម និងកែប)បានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយហើយ។
ទាក់ទិនក្នុងរឿងនេះដែរសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានរឹបអូសផលនៃបទល្មើស ដែលកើតចេញពីអំពើបទល្មើសពុករលួយមួយចំនួនដូចជា ករណីអតីតអគ្គកុងស៊ុលប្រចាំក្រុងគន់ម៉ិញប្រទេសចិន ករណីអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់និងករណីកោះរុង។ដោយឡែកករណីនៅខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺនិងបណ្តឹងផ្សេងៗមួយចំនួនទៀត។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា បើទោះបីជាក្នុងឆ្នាំ២០២០នេះ នៅបន្តជួបបញ្ហាកូដ០៩ក៏ដោយ ក៏ក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងអនុវត្តការងារប្រឆាំងអំពើពុករលួយរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ការច្នៃប្រឌិតអនុវត្តការងារជាក្រុមតូចៗ និងតាមអនឡាញយ៉ាងសកម្មលើគ្រប់រូបភាព ទាំងវិស័យសាធារណៈ ឯកជន ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ ឆ្នាំ២០២១ និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ពង្រឹងការអនុវត្តអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីកាត់ បន្ថយអំពើពុករលួយ ពង្រឹងសុចរិតភាព បង្កើនប្រាក់ចំណូលជាតិ និងទទួលទំនុកចិត្តពីមហាជនមកលើ រាជរដ្ឋាភិបាល ៕