បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ លេីផ្លូវ៦០ម៉ែត្រ ហេីយរថយន្តបង្កបេីកគេចបាត់
ភ្នំពេញ ៖ បុរសជាងដែកម្នាក់ជិះម៉ូតូតាមផ្លូវសុខៗក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមកបុកពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម រីឯរថយន្តបង្កបើកគេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ហែន ចាន់ទី ហៅប៉ាជូលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ និងមានស្រុកកំណើតនៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-7511 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿនរួចបុកម៉ូតូជនរងគ្រោះពីក្រោយទាំងកំរោលអូសទាំងម៉ូតូ និងជនរងគ្រោះប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបើកគេចបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណេីតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា