មន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ពប្រមាណ១.៦០០នាក់នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនចូលរួមគាំទ្រដល់ប្រតិបត្តិការរបស់ប៉ូលិសទេ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណចល័តកម្លាំងយោធាប្រមាណ១.៦០០នាក់ចូលទៅកាន់តំបន់រដ្ឋធានីវ៉ាស៊ីនតោន ចំពេលអំពើហិង្សាកើនឡើងកំឡុងការធ្វើបាតុកម្មនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាម៉េរិកនេះ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។
កងកម្លាំងយោធាត្រូវបានចល័តឲ្យទៅឈរជើងនៅតាមមូលដ្ឋានទ័ព ដែលស្ថិតក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែមិនមែននៅកណ្តាលរដ្ឋធានីនេះផ្ទាល់នោះទេ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក ចូណាថាន់ រ៉ាត ហូហ្វមែន ។
ជាមួយគ្នានេះ លោក ហូហ្វមែន បានសង្កត់ធ្ងន់ទៀតថា កងទ័ពប្រមាណ១.៦០០នាក់នោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ជាងធម្មតា ក៏ប៉ុន្តែមិនត្រូវបានឲ្យចូលរួមក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់មន្រ្តីរប៉ូលិសឡើយ ៕