ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ អភិបាលខេត្តកំពង់ស្ពឺ បាននាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៤ចំនុច ផ្លល់ជូនដល់សិស្សានុសិស្ស
នៅមុខសិស្សានុសិស្សប្រមាណជា២០០នាក់ តំណាងសិស្សានុសិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៥ តាមថ្នាក់នីមួយៗ នៃវិទ្យាល័យកំពង់ស្ពឺ នាថ្ងៃបើកបវេសនកាល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងរម្លឹកថា÷ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដោយផ្តោតលើ ១.ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២.ការរៀបចំហេដ្ឋា-រចនាសម្ព័ន្ធអនាម័យបង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣.ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និងទី៤.ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។ វិធានការទាំងអស់នេះបានធានាឱ្យសិស្សា នុសិស្ស និស្សិត នៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំតាមរូបភាព“ការអប់រំតាមបែបចម្រុះ”មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងជាពិសេសក្រសួងអប់រំយុវជន និងកីឡា បានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី ដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដូចជាការរៀបចំផលិត និងផ្សព្វផ្សាយ វីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី“ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត។
ឯកឧត្តម ភិបាលខេត្ត បានបន្តទៀតថា÷ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ទន្ទឹងរង់ចាំដើម្បីចូលរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ សម្រាប់ធ្វើដើមទុនទុកក្នុងការបន្តសិក្សាឈានទៅដល់ឧត្តមសិក្សា ឬជាចំណេះជាប់នឹងប្រាណសម្រាប់បុគ្គលគ្រប់រូបពិសេស ក្មួយៗជាសិស្សានុសិស្ស ដែលត្រូវខិតខំហាត់ពត់លត់ដំខ្លួន និងសិក្សាស្រាវជ្រាវស្វែងយល់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍន៍និងមុខមាត់សង្គមគ្រួសាររបស់ក្មួយៗផ្ទាល់តែម្ដង។ អំណេះតទៅសូមឲ្យក្មួយៗត្រូវខិតខំរៀនសូត្រក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាសសរស្ដម្ភសម្រាប់ទ្រទ្រង់ប្រទេសជាតិ។
លោកអេង សាវុធ នាយកសាលាវិទ្យាល័យកំពង់ស្ពឺ បានអោយដឹងថា÷ លោកនឹងខិតខំអប់រំទូន្មាននិងធ្វើផែនការសិក្សា ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សគ្រប់រូបទទួលបាននូវចំណេះដឹង ឱ្យបានទូលំទូលាយតាម រយៈលោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់ និងលោកគ្រូ អ្នកគ្រូ តាមមុខវិជ្ជានីមួយៗ ពិសេសអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ ហើយលោកនាយកក៏បានប្រាជ្ញាចិត្តខិតខំអភិវឌ្ឍសាលារៀនឱ្យសាកសមជាថ្នាលទទួលបាននូវពុទ្ធិទៅដល់មនុស្សជំនាន់ក្រោយៗទៀត៕ម៉ុន សំអ៊ាត