ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ បានជំរុញដល់អាជ្ញាធរមូលដ្ឋានខិតខំបម្រើនិងផ្ដល់សេវាជូនពលរដ្ឋ ឲ្យបានល្អប្រ សើរថែមទៀត
ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ សូមឲ្យអនុវត្តការបម្រើនិងផ្ដល់សេវា ក៏ដូចជាការរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និងកុំធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ជះឥទ្ធិពលផលប៉ះពាល់មិនល្អដល់កិត្តិយសរបស់ថ្នាក់ដឹកនាំជាតិ និង គោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារ របស់ ក្រុមការងារចុះជួយឃុំព្រះផុស និងប្រកាសនូវសមាសភាពក្រុមការងារនិងសមាជិកចុះជួយតាមបណ្តាមូលដ្ឋានក្នុងភូមិទាំង៩ របស់ឃុំព្រះផុស ស្រុកគាស់ក្រឡ និងដោយមានការចូលរួមពីលោកជំទាវ សុត សុវណ្ណដា អនុប្រធានក្រុមការងារ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ។
ឯកឧត្តម ស្រេង វង្សហៀង ក៏បានថ្លែងដោយការក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងមូលដ្ឋានភូមិ-ឃុំ ត្រូវខិតខំបំពេញកិច្ចការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ទៅតាមច្បាប់ដែលបានកំណត់ និងសេចក្តីណែនាំ របស់ ថ្នាក់ដឹកនាំជាតិ ដោយត្រូវធ្វើយ៉ាងណាឲ្យភូមិឃុំរបស់ខ្លួនមានសុខសុវត្ថិភាពរួមទាំងការងារធ្វើអត្តសញ្ញាណជនក្រីក្រពិតប្រាកដឲ្យមានតម្លាភាពនិងច្បាស់លាស់ដោយមានការទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីឲ្យបងប្អូនទាំងនោះ ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ឯកឧត្តមបានថ្លែងបន្តទៀតថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-19នេះ អាជ្ញាធរក្នុងមូលដ្ឋានត្រូវតែធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានយល់ដឹងជ្រួតជ្រាប់ទាំងអស់គ្នាហើយខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងជាមុនសិន នូវ វិធានការផ្សេងៗក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19នេះ។ ហើយក៏ត្រូវចុះណែនាំណែនាំពលរដ្ឋឲ្យ បានយល់ដឹងគ្រាប់គ្នា ពេលអនុវត្តទៅមានប្រសិទ្ធភាព ។
ឯកឧត្តម ស្រេង វង្សហៀង ជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានឃុំព្រះផុស បានជំរុញទៅសមាជិកចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡខេត្តបាត់ដំបង ជាពិសេសដល់ក្រុមការងារយុវជនដែលជាអ្នកបន្តវេន ត្រូវបន្តភាពសកម្មក្នុងការចូលរួមជាមួយ និងអាជ្ញាធរនៃរដ្ឋបាលឃុំ-ស្រុក របស់ខ្លួនក្នុងកិច្ចការងារផ្សារភ្ជាប់ជាមួយសង្គម ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីបានដឹងពីសុខទុក្ខនិងតម្រូវការនិងបញ្ហាប្រឈមនានា ដែលពួកគាត់ចង់ឲ្យក្រុមការងារជួយដោះស្រាយដល់ពួកគាត់។យុវជនត្រូវបង្កើនភាពសកម្មទាំងការងារមនុស្សធម៌និងធ្វើជាគំរូល្អចូលរួមក្នុងការបម្រើផលប្រយោជន៍រួម ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាជនមានជំនឿជឿជាក់ ពីសមត្ថភាពរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រុញដល់ការកសាងនូវកម្លាំងយុវជនថ្មី ក្នុងមូលដ្ឋានខ្លួន ដើម្បីជាកម្លាំងពិតរបស់គណបក្ស ក្នុងការគាំទ្រនិងចូលរួមធ្វើសកម្មភាពរក្សាកម្លាំងចាស់ និងកសាងកម្លាំងបក្សថ្មី ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ឆាប់ៗខាងមុខនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )