ថ្នាក់ដឹកនាំកីឡារាំកម្ពុជា ស្នើរឲ្យគណៈកម្មាការគ្រប់គ្រងការប្រកួត គោរពតាមបទបញ្ជាសហព័ន្ធកីឡារាំអន្តរជាតិ ដើម្បីធានាបាននូវភាពសុក្រឹតយុត្តិធម៌
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានស្នើរសុំគណៈកម្មាការបច្ចេកទេស និងគណៈកម្មាការគ្រប់គ្រងការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ យកចិត្តទុកដាក់ ខ្ពស់ចូលរួមគោរពនូវបទបញ្ជានានា ដែលបានកំណត់ដោយសហព័ន្ធកីឡារាំអន្តរជាតិ ធានាឲ្យការ ប្រកួតប្រព្រឹត្តិទៅដោយយុត្តិធម៌ ក្នុងស្មារតីកីឡា ដើម្បីជ្រើសរើសបានកីឡាករការិនីឆ្នើមមកបំពាក់បំប៉ន ត្រៀមចូលរួមការប្រកួតអន្តរជាតិនានា និងត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកជំទាវប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងលើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១ ។
លោកជំទាវ ញ៉ែម មរកត បានគូបញ្ជាក់ទៀតថា ការប្រកួតនេះ មិនមែនយើងចូលរួមប្រកួតយកជ័យលាភីតែមុខនោះទេ ពោលការប្រកួតនេះក៏ជាការបង្កើតនូវទំនាក់ទំនងរិតមិត្តភាព សាមគ្គីភាពរវាងក្មួយៗតាមបណ្តាក្លិបផងដែរ ។
ពិសេសទៀតនោះ វាជាឱកាសកីឡាករ កីឡាការិនីរាំធ្វើការផ្លាស់ប្តូរ បច្ចេកទេស និងបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពត្រៀមខ្លួនប្រកួតតំណាងឲ្យប្រទេស នៅលើឆាកអន្តរជាតិនាពេលខាងមុខ ។ លោកជំទាវ ប្រធានសហព័ន្ធ សង្ឈឹម នឹងជឿជាក់ថា តាមរយៈការប្រកួត ជើងឯកថ្នាក់ជាតិនេះ កីឡាករ កីឡាការិនីរាំទាំងអស់ និងគោរពបាននូវភាពយុត្តិធម៌ ក្នុងស្មារតីកីឡា ប្រកួតប្រជែងគ្នាដោយភាពស្មោះត្រង់សុក្រឹតយុត្តិធម៌ ។ ទន្ទឹមជាមួយគ្នានោះលោកជំទាវ បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រឧត្ថម្ភ ធ្វើអោយការប្រកួតអាចដំណើរការទៅបានដោយរលួន ។
សូមបញ្ជាក់ថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ មានសមាគម ក្លិបប្រតិភូចូលរួមចំនួន៥ក្លិប មានដូចជា ក្លិបសន្ធរម៉ុក ក្លិបដូនពេញ ក្លិបទួលស្វាយព្រៃ ក្លិបច្បារអំពៅ និងក្លិបខេត្តសៀមរាប សរុបកីឡាករ កីឡាការិនីចូលរួមចំនួន៤០នាក់ ដោយធ្វើការ ប្រកួតលើ១៥វិញ្ញាសា ៕