បវេសនកាលឆ្នាំថ្មី គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានខ្ជាប់ខ្ជួនក្នុងបវេសនកាលឆ្នាំសិក្សា 2020-2021។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃសុក្រកន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-19 ព្រមទាំងចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុង​អំឡុង​ពេល​នៃការបើកបវេសនកាលនិងដំណើរការឆ្នាំសិក្សា 2020 – 2021 គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ត្រូវអនុវត្តវិធានការសុវត្ថិភាពសិក្សា ដោយប្រកាន់ខ្ជាប់គោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។ គោលការណ៍ប្រតិបត្តិស្តង់ដានេះ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

សាលារៀនត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ និងសេចក្តីជូនដំណឹងដែលនៅមានសុពលភាព រួមមានគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-19 និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងបរិបទកូវីដ-19 ។

ទន្ទឹមគ្នានេះ ការប្រារព្ធពិធីបើកបវេសនកាល អាស្រ័យតាមស្ថានភាពជាក់ស្ដែងរបស់គ្រឹះស្ថានសិក្សា នៅថ្ងៃទី11 ខែមករា ចាំបាច់ត្រូវគោរពស្តង់ដារអនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះគ្រឹះស្ថានសិក្សាដែលស្ថិតនៅក្នុងតំបន់ហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-19ឬបានថាកំណត់ជាមណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពសិក្សា និងសេចក្តីជូនដំណឹងដែលនៅជាធរមានដូចគ្នាដែរ។ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលកូវីដ-19 និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំរាជធានី-ខេត្ត។ ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត មានសិទ្ធិសម្រេចចាត់វិធានការឆ្លើយតបដោយមានភាពទន់ភ្លន់ និងទាន់ពេលវេលា។ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវរាយការណ៍ជាប្រចាំតាមឋានានុក្រម មកក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និងត្រៀមលក្ខណៈដំណើរការការបង្រៀន និងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ-១៩ និងទៅអនាគត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner