អ្នកជំនាញនិយាយពីកត្តាដែលបង្កឱ្យគម្រោងដីឡូតិ៍មួយចំនួនត្រូវជាប់គាំង
ការពុះដីឡូត៍លក់នៅជាយក្រុងភ្នំពេញ ពិសេសនៅតាមផ្លូវក្រវ៉ាត់ក្រុងទី3 តភ្ជាប់ពីគល់ស្ពានព្រែកភ្នៅ ផ្លូវទំបន់កប់ស្រូវ ផ្លូវជាតិលេខ4 តភ្ជាប់មកសង្កាត់ព្រែកកំពិសខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងតែមានសកម្មភាពគួរឱ្យកត់សម្គាល់។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺគម្រោងពុះដីឡូត៍មួយចំនួនស្ថិតនៅក្នុងសភាពទ្រឹងមិនអាចលក់ចេញដូចការព្រៀងទុកនោះទេ។
បើតាមលោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដីថ្មីរៀលអ៊ីស្ទេត បានប្រាប់ AMSថា ការអភិវឌ្ឍទៅលើដីឡូត៍ដែលមានសក្តានុពល និងអាចមានទីផ្សារល្អត្រូវមើលទៅទិដ្ឋិភាពខាងក្រៅ ទីតាំង ដែលរដ្ឋាភិបាលបានកំណត់ក្នុងការអភិវឌ្ឍ មានហេដ្ឋារចនាសម្ពន្ធ តំបន់រោងចក្រ ឧស្សហកម្ម សាលារៀន ទីប្រជុំជន និងទីផ្សារជាដើម។
លោក ឈុនហ៊ាត បានមានប្រសាសន៍ថា ៖ «ទាក់ទងការអភិវឌ្ឍខាងក្នុងវិញ ត្រូវតែអភិវឌ្ឍឱ្យស្របទៅតាមអ្វីដែលរដ្ឋាភិបាលបានកំណត់។ ឧទាហរណ៍ការធ្វើផ្លូវត្រូវកាត់10ម៉ែត្រ មានការចាក់ផ្លូវបេតុង ដាក់អំពូលភ្លើង ប្រព័ន្ធទឹក លូ ដែលយើងត្រូវធ្វើសម្រាប់អតិថិជន»។
លោកបានបញ្ជាក់ថា «មកដល់សម័យនេះ វិនិយោគិន ចាំបាច់ត្រូវតែរៀបចំអាជីវកម្មរបស់ខ្លួនឱ្យស្របទៅតាមច្បាប់កំណត់ និងមានការទទួលស្គាល់ពីអជ្ញាធរមូលដ្ឋាន ត្រូវមានប្លង់រឹង និងប្លង់ទន់ដែលបញ្ជាក់ពីកម្មសិទ្ធិដីធ្លី។ ករណីប្លង់រឹងយើងត្រូវបំបែកក្បាលដីជាមុន និងត្រូវសុំច្បាប់អភិវឌ្ឍពី
អាជ្ញាធរ។ ចំណែកអតិថិជនក៍បានក្តាប់យកឱកាសនេះ ទិញដីឡូត៍ទុកសាងសង់លំនៅដ្ឋាន ឬលក់បន្តយកប្រាក់ចំណេញវិញនៅពេលខាងមុខដែរ»។
លោក ឈុនហ៊ាត បានបន្តឱ្យដឹងថា ដីនៅតំបន់ខ្លះ កប់លក់មិនចេញវាអាស្រ័យទៅតាមតំបន់ដោយ
សារតែតំបន់នោះមិនមានសក្តានុពល កត្តាតម្លៃ ហើយជាពិសេសការមិនបានសិក្សាពីកំណើននៃប្រជាសាស្ត្រ។ ម៉្យាងទៀត ដោយសារតែកំសួលនៃការពុះដីឡូត៍វាសម្បូរជោរជន់ខ្លាំងនៅត្រឹមមួយរយៈចុងក្រោយនេះ ដូច្នេះទើបធ្វើឱ្យទីផ្សារមួយនេះមានភាពស្ងប់ស្ងាត់។
លោក សន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KEY Real Estateបានប្រាប់ AMS
ថា៖«ជាការពិតភាពកកស្ទះទីផ្សារអាចកើតមានដោយសារតែអ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួនពុំបានអនុវត្ត និងរៀបចំទៅតាមផែនការ ឬស្តង់ដារដែលរដ្ឋាភិបាលបានកំណត់។ ពួកគាត់ធ្វើទាំងស្រពេច
ស្រពិល ធ្វើតតាមគ្នា ហើយអូសអ្នកទិញទៅតាមដែរ។ គាត់បានសន្យាធ្វើបន្ថែមនូវអ្វីៗដែលអតិថិជនចង់បាន ប៉ុន្តែមិនបានធ្វើដូចការសន្យាទើបកើតជាបញ្ហា»។
លោកបានបញ្ជាក់ថា ៖ «បច្ចុប្បន្នយើងឃើញថារបត់សព្វថ្ងៃមានអ្នកយល់ដឹងច្រើន ដោយសារការជូនដំណឹងពីអ្វីដែលជានីតិវិធីច្បាប់ ដែលជំរុញឱ្យមានការគ្រប់គ្រងដោយច្បាប់ដោយរលូន ដូច្នេះអ្នកទិញដែលមិនមានការយល់ដឹងត្រូវសួរនាំឱ្យយល់ពីនីតិវិធីដីឡូត៍ និងតំបន់ដែលត្រូវទិញ ដើម្បីជៀសវាងការខាតបង់ថវិកា ហើយអាចចំណេញពីការទិញ និងអាចសាងសង់សំណង់លំនៅដ្ឋានស្នាក់នៅដោយស្របច្បាប់ ឬលក់បន្តបានដោយគ្មានបញ្ហាចោទ»៕