ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ លោក ហែម ដារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង លោកព្រាប ម៉ាណែល ជាអនុប្រធាន រួមជាមួយ ប្រធាន អនុប្រធានយុវជនបក្ស សង្កាត់ , ប្រធាន អនុប្រធានយុវជនបក្ស ភូមិ និងសហគមន៍ និងសមាជិក សមាជិកការយុវជនបក្ស សរុប ចំនួន ៧៦២រូបថែមទៀត ។
គោលបំណងសំខាន់ នៃការកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្សមូលដ្ឋាន នាឱកាសនេះ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និង បោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០២៣ ។ សំរេចបានគោលដៅនេះ គណៈកម្មាធិការបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ បន្តយកចិត្តទុកដាក់លើចលនាមហាជន និងការចិញ្ចឹមចលនាមនហាជន នៅមូលដ្ឋាន ដោយប្រើនូវមធ្យោបាយសរុប កំលាំងសរុប និងធនធានដែលមានស្រាប់ បន្តអនុវត្តន៍តាមគោលការណ៍ ( រក្សាចាស់ពង្រីកថ្មី ) ពិសេសក្នុងស្រទាប់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះយុវជនគឺជាកំលាំងស្នូល របស់គណបក្ស ដែលគ្រប់កាលៈទេសៈ មិនអាចខ្វះយុវជនបានឡើយ ។
ថ្លែងក្នុងឱកាសនោះ ឯ,ឧ នួន ផារ័ត្ន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា យុវជនបក្ស មានភារកិច្ចសំខាន់ ៥ ជាចំបង៖ ១, បើជាសកម្មជនបក្ស ត្រូវមានឈ្មោះក្នុងបក្ស ក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាសកម្មជនដោយស្ម័គ្រចិត្ត និងជាមនុស្សសំខាន់ក្នុងចលនាពង្រីកសមាជិកបក្សបន្តវេន ។ ២,ត្រូវក្តាប់ឱ្យបានពីប្រវត្តបក្ស គោលនយោបាយបក្ស ឯកសារគោលផ្សេងៗ និងទិសដៅរបស់បក្ស ។ ៣ ,ត្រូវហ៊ានចេញមុខការពារបក្ស ការពារយុត្តិធ៌ម ភាពស្មោះត្រង់របស់បក្ស និងវាយបកចំពោះទង្វើរបស់បក្សប្រឆាំង តស៊ូមតិគ្រប់កាលៈទេសៈ ដែលបក្សប្រឆាំងរំលោភបំពានមកលើយើង ។ ៤,ត្រូវធ្វើជាគំរូល្អ ទាំងក្នុងបរិបទការងារ និង ក្នុងការរស់នៅក្នុងសង្គម និងទី៥ ជួយកសាងកំលាំងបក្ស លើការឃោសនា លើកកំពស់បក្ស ពង្រឹងបក្ស ឆ្ពោះទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ឆ្នាំ២០២២ -២០២៣ នាពេលខាងមុខ ។
ក្នុងឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ឯ,ឧ បាននាំយកថវិការ ឧបត្តម្ភដល់គណបក្សខណ្ឌ ចំនួន ២លានរៀល ,បក្សសង្កាត់ ទាំង៧ មួយសង្កាត់ ១លានរៀល និងសមាជិក សមាជិកបក្ស ដែលបានចូលរួម ម្នាក់ៗ ៣ម៉ឺនរៀល និងនាឡិកាបក្ស ម្នាក់១គ្រឿងផងដែរ ៕ ដោយ / គ្រី សម្បត្តិ