លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច តេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុសាខា
សមាជិកគណៈកម្មាធិការសាខា ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តមប្រធានស្តីទីក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហម កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងរងផលប៉ះពាល់ដល់ជីវភាពដោយសារវិបតិ្តកូវីដ-១៩ ។
មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនកំឡុងពេលកូវីដ១៩ កំពុងរាតត្បាត យាយីសុខភាពនិងជីវភាពររស់នៅ។
ក្នុងនាម លោកជំទាវ ផ្ទាល់ បានមានប្រសាសន៏ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នឹងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់បាយស្លាប់ដោយសារលោកមិនបានដឹងនោះទេ ដូច្នេះបើមានប្រជាពលរដ្ឋណាម្នាក់មានជីវភាពខ្វះខាតដោយអាជ្ញាធរមូលដ្ឋានមិនបានដឹង សូមពុកម៉ែបងប្អូនប្រញាប់រាយការណ៏មកអាជ្ញាធរមូលដ្ឋានឬក្រុមការងារយុវជន ស.ស.យ.ក.ប្រចាំភូមិ ឃុំ ។
ហើយក្នុងកាលៈទេសៈនេះ លោកជំទាវក៏បានប្តេជ្ញាចិត្តខិតខំបំរើទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋអោយអស់ពីសមត្ថភាព និងបន្តកសាង អភិវឌ្ឍន៏ខេត្តប៉ៃលិន ឱ្យកាន់តែរីកចំរើនទ្វេដង។ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យសំអាតសំរាមជុំវិញភូមិស្ថាន រស់នៅស្អាត ហូបស្អាតជាប្រចាំ និងអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃ ពាក់ម៉ាស់ រក្សាគម្លាតដើម្បីចៀសបានពីការឆ្លងមេរោគនានានិងវីរុសកូវីដ១៩ហើយបើមានសមាជិកគ្រួសារណាមកពីក្រៅប្រទេស ដូចជាប្រទេសថៃ សូមរាយការណ៏មកអាជ្ញាធរ ឬមកធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសិន។
ទាក់ទងនឹងសណ្តាប់ធ្នាប់និងសន្តិសុខសង្គម លោកជំទាវ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងយុវជន ត្រូវរក្សាសន្តិសុខភូមិ-ឃុំឱ្យមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀនត្រូវទប់ស្កាត់ឱ្យបានចំពោះអ្នកប្រើប្រាស់និងអ្នកជួញដូរ ។ បន្ថែមពីលើនេះ លោកជំទាវ បានផ្តាំផ្ញើដល់យុវជនទាំងអស់ឱ្យខិតខំកសាងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍន៌ភូមិ-ឃុំរបស់ខ្លួនឯង។ លោកជំទាវអភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានបន្តឧបត្ថម្ភថវិកា២០០លានរៀលបន្ថែមទៀតដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងដំណើរការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩ចូលក្នុងសហគមន៌។
សូមបញ្ជាក់ថា សម្ភារៈគ្រឿងឧបភោគបរិភោគផ្តល់ជូនរួមមាន៖ អង្ករ៤០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច៣ដប ផ្អក១កែវ ឃីត(មុង ភួយ កន្ទេល)និងថវិកាមួយចំនួន៥ម៉ឺន។ ដោយឡែក ជនពិការចំនួន១៧នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារៗ៥ម៉ឺនរៀលពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ៕ ដោយ / គ្រី សម្បត្តិ