នៅថ្ងៃទី១០ ខែមករា មានមនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់នោះ មាន១០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១០ករណី និងជនសង្ស័យ៥៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២១ករណី។ អ្នកនាំពាក្យរូបនេះ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ ៕ដោយធីវាន់លុក