ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២៤៩ករណីទៀតនៅថ្ងៃចន្ទនេះ ក្នុងនោះ២២៤នាក់ជាករណីឆ្លងក្នុងសហគមន៍
ថៃ៖ ប្រទេសថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២៤៩ករណីបន្ថែមទៀត ដោយក្នុងនោះមាន២២៤នាក់ជាករណីឆ្លងក្នុងសហគមន៍ ខណៈតួលេខកត់ត្រាថ្មីនេះ ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនឡើងដល់១ម៉ឺន៥៤៧ករណី នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
នៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះដែរ មិនមានអ្នកស្លាប់ដោយសារជំងឺ Covid-19 នោះទេ ដែលមកទល់ពេលនេះ មានអ្នកស្លាប់សរុប៦៧នាក់ដដែល ។ ដោយឡែកជនអន្តោប្រវេសន៍ជាពលករជនជាតិមីយ៉ាន់ម៉ាជិត៣០០នាក់បានចាកចេញពីមន្ទីរពេទ្យក្នុងខេត្តសាមុត សាខន កាលពីថ្ងៃអាទិត្យម្សិលមិញ និងបានក្លាយជាក្រុមអន្តោប្រវេសន៍ដ៏ច្រើនលើកដំបូង ដែលជាសះស្បើយពីវីរុសនេះ ។
សូមជម្រាបថា មកទល់ពេលនេះ ប្រទេសថៃបានរកឃើញករណីឆ្លងសរុប ១ម៉ឺន៥៤៧ករណី ដោយក្នុងនោះមាន៨ពាន់៣៨១ករណីជាករណីឆ្លងក្នុងសហគមន៍ និង២ពាន់១៦៦នាក់ជាករណីនាំចូល ។ ហើយក្នុងចំណោមករណីឆ្លងសរុបទាំងអស់នោះទៀតសោត មាន៦៧នាក់ស្លាប់ និង ៦ពាន់៥៦៦នាក់បានជាសះស្បើយឡើងវិញ ៕