នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាក់ថា វៀតណាមនឹងកំណត់ជើងហោះហើរក្នុងប្រទេសរហូតដល់ពាក់កណ្តាលខែកុម្ភៈខាងមុខ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី
វៀតណាម៖ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនផុក ថ្លែងថា ប្រទេសរបស់លោកនឹងកំណត់ជើងហោះហើរដែលនាំពលរដ្ឋមកប្រទេសវិញ ចាប់ពីពេលនេះរហូតដល់ចប់ពិធីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈខាងមុខ ដើម្បីទប់ស្កាត់វីរុស Covid-19 ទម្រង់ថ្មី ដែលកំពុងឆ្លងរាលដាលយ៉ាងលឿននៅតាមបណ្តាប្រទេសជាច្រើន នេះបើតាមសារព័ត៌មាន VNExpress នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
លោក ង្វៀន សួនផុក បញ្ជាក់ថា វៀតណាមនឹងអនុញ្ញាតអោយមានតែជើងហោះហើរចាំបាច់ប៉ុណ្ណោះចូលក្នុងប្រទេស ដោយក្នុងនោះមានដូចជា ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងដឹកជញ្ជូន ។
នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបានសង្កត់ធ្ងន់ថា បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងដឹកជញ្ជូននឹងសិក្សាពីលទ្ធភាពនៃការចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ៕