វិបត្តិ Covid-19 ធ្វើអោយមនុស្ស១.៣លាននាក់នៅវៀតណាមបាត់បង់ការងារធ្វើក្នុងឆ្នាំ២០២០
វៀតណាម៖ ចំនួនអ្នកមានការងារធ្វើចាប់ពីអាយុ១៥ឆ្នាំឡើងទៅនៅវៀតណាម ត្រូវបានកត់ត្រាថា មានចំនួន៥៣.៤លាននាក់ក្នុងឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ១.៣លាននាក់ ឬស្មើនឹង២.៣៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ នេះបើតាមសារព័ត៌មាន វៀតណាម អ៊ីនសាយឌើ នាពេលថ្មីៗ ។
មន្ត្រីនៅការិយាល័យស្ថិតិវៀតណាម GSO លោក វ៊ូ ធីធូធុយ និយាយថា ក្នុងចំណោមមនុស្ស១.៣លាននាក់ដែលគ្មានការងារធ្វើ ក្នុងនោះមាន៥១.៦ភាគរយជាស្ត្រី ហើយ ប្រហែល១.២លាននាក់នៃពួកគេ គឺជាមនុស្សមានអាយុធ្វើការ ពោលគឺកើនឡើង៤៥ម៉ឺន៦ពាន់៧០០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។
លោកបន្តថា ការបាត់បង់ការងារភាគច្រើនបានកើតឡើងនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០២០ ។ បើទោះបីជាការងើបឡើងវិញនៃសេដ្ឋកិច្ច បានបង្កើនអត្រាការងារធ្វើនៅក្នុងត្រីមាសទី៤ក្តី ក៏ចំនួនអ្នកអត់ការងារធ្វើប្រចាំឆ្នាំនៅតែខ្ពស់ ។ លោកបន្ថែមទៀតថា បើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ទេនោះ ការងារថ្មីប្រហែល១.៦លានត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០២០កន្លងទៅ ៕