ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតបញ្ជាក់ថា ទិន្នផលអំបិលដែលផលិតបានក្នុងឆ្នាំ២០២០ អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសគ្រប់គ្រាន់
កំពត៖ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត មានប្រសាសន៍ថា ថ្វីត្បិតការផលិតអំបិលតាមសហគមន៍និមួយៗធ្វើមិនបានគ្រប់ផ្ទៃដី នៃផែនការក៏ពិតមែន ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះឡើយ ហើយអំបិលដែលផលិតបានអាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសគ្រប់គ្រាន់ ។
លោក សុខ គឹមជឿន បានឱ្យដឹងថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុបជាង៣ពាន់៧២១ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ ផលិតបានត្រឹមជាង២ពាន់៨៥៧ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប៨៣លាន៩៦ម៉ឺន៩ពាន់៦៣ តោន និងបានចែកចាយជាបន្តបន្ទាប់ ហើយបានស្តុកទុកក្នុងឃ្លាំងចំនួន១២លាន៦០ម៉ឺន១ពាន់៥៧៣តោន ។ លោកប្រធានបន្ថែមថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ ត្រូវបានបែងចែកជា៦មណ្ឌល រួមមាន៖ ទី១-មណ្ឌលបឹងរូង១ ទី២-មណ្ឌលបឹងរូង២ ទី៣-មណ្ឌលសេះស ទី៤-មណ្ឌលបឹងទូក ទី៥-មណ្ឌលត្រើយកោះ និង ទី៦-មណ្ឌលកំពង់ត្រាច ។
ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតរូបនេះបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីការផលិតអំបិលមិនបានគ្រប់ទំហំផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការផលិតអំបិលនេះ គឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាត ថែមទាំងបានស្តុកទុកក្នុងឃ្លាំង ដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីបរទេសមកស្តុកទុកឡើយ ៕